រថយន្ត​ប្រើ​អគ្គិសនី​​ពី​ព្រះអាទិត្យ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ការ​ប្រកួត​ចម្ងាយ​បី​ពាន់​គីឡូម៉ែត្រ​

(អូស្ត្រាលី) – ដោយ​សារ​មាន​រូប​រាង​ពិសេស​ រថយន្ត​ដំណើរ​ការ​ដោយ​អគ្គិសនី​ពី​ព្រះ​អាទិត្យ​របស់​ក្រុម​ប្រណាំង​មួយ​របស់​បែលហ្ស៊ិក ដណ្ដើម​បាន​ជ័យ​ជំនះ​​ក្នុង​ការ​ប្រកួត​រយៈ​ចម្ងាយ​ 3,000 គីឡូម៉ែត្រ បើ​ទោះ​អាកាសធាតុ​មិន​អំណោយ​ផល​។

នេះ​ជា​លើក​ទីពីរ​ជាប់​ៗ​គ្នា​ហើយ​ដែល​ក្រុម​ប្រណាំង​ឡាន​មក​ពី​បែលហ្ស៊ិក​ ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​នៅ​ពាន​រង្វាន់ Bridgestone World Solar Challenge (BWSC) ជា​ការ​ប្រកួត​ប្រណាំង​ឡាន​មួយ​នៅ​អូស្ត្រាលី​ ដែល​មាន​ការ​ចូលរួម​ពី​រថយន្ត​ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យទំនើប​ៗ​​រាប់​សិប​គ្រឿង​ រួម​នឹង​​វិស្វករ និង​និស្សិត​ជា​ច្រើន​ក្រុម​មក​ពី​ជុំវិញ​ពិភពលោក​។ ការ​ប្រកួត​រថយន្ត​នេះ​មាន​រយៈ​ចម្ងាយ​ 3,000 គីឡូម៉ែត្រ ចាប់​ផ្ដើម​ពី​ Darwin ទៅ​កាន់​ Adelaide។

ការ​ប្រកួត​ខាងលើ​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ 8 ព្រឹក ដល់​ម៉ោង​ 5 ល្ងាច ហើយ​ក្រុម​នីមួយ​ៗ​ត្រូវ​តែ​ផ្គត់​ផ្គង់​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង​។

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ឆ្នាំ 2019 ក្រុម​របស់​បែលហ្ស៊ិក​បាន​ឈ្នះ​ ក្រោយ​ពី​រថយន្ត​នាំ​មុខ​គេ​ដែល​ជា​របស់​ប្រទេស​ហូឡង់​បាន​ឆេះ​។ ក្នុង​ការ​ប្រណាំងឆ្នាំ​នេះ​ ក្រុម​របស់​បែលហ្ស៊ិក​ដែល​មាន​ឈ្មោះ​ថា Innoptus រក្សា​គម្លាត់​ពី​ក្រុម​ហូឡង់​ស្ទើរ​តែ​ពេញ​មួយ​ប្រកួត​ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​ 34 ម៉ោង 4 នាទី និង 41 វិនាទី​ លឿន​ជាង​ជិត​ 5 នាទី បើធៀប​នឹង​ឆ្នាំ 2019​។

ចំណាត់​ថ្នាក់​លេខពីរ​គឺ​បាន​ទៅ​លើ​ក្រុម​របស់​ហូឡង់ Twente ដោយ​ប្រើ​ប្រាស់​ពេល​វេលា​ 34 ម៉ោង 24 នាទី និង 58 វិនាទី។

Advertisement