ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

Dragonfly ដែល​ជា​ដ្រូន​គំរូ​ដើម​ខ្នាត​ធំ​ ប៉ុនកូន​​រថយន្ត​ ហើយ​គ្រោង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​ចន្ទ​ធំបំផុត​របស់​ភព​សៅរ៍​ ទើបតែ​​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​បន្ទប់​ខ្យល់​។

កន្លង​មក​ ណាសា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ហួស​ពី​គោលដៅ​នៃ​បេសក​កម្ម​ដំបូង​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ Ingenuity ហោះ​ហើរ​បាន​ 63 លើក​នៅ​លើ​ភព​អង្គារ​។ ណាសា​យល់​ដឹង​បាន​ច្រើន​ពី​ឧទ្ធម្ភាគ​ចក្រ​ដំបូង​នេះ​ និង​ត្រៀម​អនុវត្ត​ចំពោះ​យាន​ធំ​ជាង​នេះ​នៅ​លើ​ទីតាន (Titan) ដែល​ជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​របស់​ភព​សៅរ៍​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 24 តុលា 2023​។

ដ្រូន Dragonfly ប្រើ​ប្រាស់​ស្លាប​កង្ហារ​ចំនួន 8 និង​មាន​ទំហំ​ប៉ុន​កូន​ឡាន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Johns Hopkins រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក បាន​ធ្វើ​តេស្ត​ទៅ​លើ​ដ្រូន​គំរូ​ដើម​ដែល​មាន​ទំហំ​ស្មើ​នឹង​ពាក់​កណ្ដាល​ទំហំ​ផ្លូវ​ការ​ និង​បាន​ចែក​រំលែក​លើ​អ៊ីនធើណិត​។

Dragonfly នឹង​ជា​បេសកកម្ម​ដំបូង​របស់​ណាសា​ ដែល​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​របស់​ «ពិភព​មហា​សមុទ្រ​» មួយ​ផ្សេង​ទៀត ក្រៅ​ពី​ផែនដី​។ ដូច​ទៅ​នឹង​ផែនដី ព្រះ​ចន្ទ​ទីតាន​មាន​ប្រព័ន្ធ​អាកាស​ធាតុ​ ទន្លេ និង​សមុទ្រ​នៅ​លើ​ផ្ទៃ​ ប៉ុន្តែ​ខុស​ត្រង់​ថា ធាតុ​រាវ​ដែល​ហូរ​នៅ​លើ​ទីតាន​មាន​ផ្ទុក​មេតាន​រាវ មិន​មែន​ទឹក​ឡើយ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿ​ថា ព្រះ​ចន្ទ​មួយ​នេះ​អាច​មាន​លាក់​ភាវៈ​រស់​។

ដ្រូន​ថ្មី​នេះ​នឹង​ស្រាវ​ជ្រាវ​ផ្ទៃ​ខាងលើ​របស់​ព្រះចន្ទ​ទីតាន​ ជា​ទី​ដែល​មនុស្ស​ទើប​បាន​ដឹង​តិច​តួច​បំផុត​នៅ​ឡើយ​។

តាម​គម្រោង​ Dragonfly នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​កាន់​ទីអវកាស​នៅ​ឆ្នាំ 2027​។ បើ​សិន​អ្វី​ៗ​ដំណើរ​ការ​រលូន វា​នឹង​ទៅដល់​ព្រះចន្ទ​ទីតាន​នៅ​ឆ្នាំ ​2034​។

Advertisement