រថភ្លើង​ដឹក​ជញ្ជូន Hyperloop ល្បឿន​ជាង 1,200 គីឡូម៉ែត្រ​/ម៉ោង

(សហរដ្ឋ​អាម៉េរិក) – ប្រព័ន្ធ​ Hyperloop Express Freight អាច​ដឹក​ទំនិញ​ដោយ​ស្វ័យប្រវត្ត​​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​លើកដាក់​ទំនិញ​ក្នុង​ពេលតែ​មួយ​។

ក្រុម​ហ៊ុន Hyperloop Transportation Technologies (HyperloopTT) កំពុងឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូរថភ្លើង​ល្បឿន​លឿន​ដែល​ស្ទើរ​តែ​មិន​មាន​កម្លាំង​កកិត​ អាច​ជា​បដិវត្តន៍​ក្នុង​វិស័យ​ដឹក​ជញ្ជូន​។ ប្រព័ន្ធ​ថ្មី​បំផុត​ដែល​មាន​ឈ្មោះ​ថា Express Freight ប្រើ​ប្រាស់បំពង់​ផ្លូវទទេ ទូ​រថភ្លើង​អណ្ដែត និង​ទ្វារ​អគ្គិសនី​ជា​ដើម​ដោយ​ស្វ័យ​ប្រវត្ត​ទាំង​ស្រុង​ ដើម្បី​លើក​ដាក់​ទំនិញ​ដំណាល​គ្នា​នៅ​ពេល​ចេញ​ដំណើរ​។ HyperloopTT ឱ្យ​ដឹង​ថា ប្រព័ន្ធ​នេះ​នឹង​អាច​ដឹក​ជញ្ជូន​បាន​លឿន​ សន្សំ​សំចៃ​ប្រាក់ និង​មាន​ស្ថិរភាព​ជាង​បើ​ធៀប​នឹង​ការ​ដឹក​ទំនិញ​តាម​យន្តហោះ ឬ​រថយន្ត​ដឹក​ទំនិញ​។

​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ HyperloopTT សហការ​អភិវឌ្ឍ​ជាមួយ​នឹង​ក្រុម​ហ៊ុន Tangerine របស់ប្រទេស​អង់គ្លេស​។

​ផែនការ​របស់ HyperloopTT គឺ​ការ​បំពាក់​ប្រព័ន្ធ​ Express Freight ខាង​ក្នុង​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​អ្នក​ដំណើរ​។​ ប្រព័ន្ធ​ដឹក​អ្នក​ដំណើរ​គឺជា​​ទូ​ដែល​មាន​រូប​រាង​ដូច​ដង​ខ្លួន​យន្តហោះ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​/ម៉ោង​ តាម​រយៈ​ប្រព័ន្ធ​ម៉ាញេទិច​ដំណើរ​ការ​នៅ​ក្នុង​ប្រព័ន្ធ​បំពង់​សម្ពាធ​ទាប​។

Advertisement