ការ​រីក​ដុះ​ដាល​នៃ​ក្រុម​ហ៊ុន​អវកាស​ឯកជន​នៅ​ប្រទេស​ឥណ្ឌា

ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​អវកាស​រហូត​ដល់ 190 ស្ថាប័ន​ ច្រើន​ជាង​ទ្វេដង​បើ​ធៀប​នឹង​មួយ​ឆ្នាំមុន​​ ក្នុង​នោះ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​កើន​ 77% ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ 2021​ ដល់ 2022​។

កាល​ពី​ឆ្នាំ 2019 នៅ​ពេល​អ្នក​វិនិយោគ​ឥណ្ឌា​ Awais Ahmed បង្កើត​ក្រុម​ហ៊ុន​ផ្កាយ​រណប Pixxel ប្រទេស​ឥណ្ឌា​មិន​ទាន់​បើក​ទ្វារ​សម្រាប់​វិស័យ​ឯកជន​នៅ​ឡើយ​។ ក៏ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន​ បណ្ដា​ក្រុម​ហ៊ុន​អវកាស​ឯកជន​នៅ​ប្រទេស​ឥណ្ឌា​ ក៏​កាន់​តែ​រីក​ដុះ​ដាល​។ នេះ​បើ​តាម​ AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 01 តុលា 2023​។ យោង​តាម Deloitte បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា​មាន​ក្រុម​ហ៊ុន​អវកាស​ចំនួន 190 ស្ថាប័ន​ ច្រើន​ជាង​ទ្វេដង​បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន​ ក្នុង​នោះ​ ​ការ​វិនិយោគ​ពី​ឯកជន​ចាប់​ពី​ឆ្នាំ 2021 ដល់ 2022 កើន​ 77%​។

បច្ចុប្បន្ន ទីផ្សារ​អវកាស​ទូទាំង​ពិភពលោក​មាន​តម្លៃ​ 386 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​ប្រទេស​ឥណ្ឌា​កាន់​កាប់​ 2%។ ប្រទេស​នេះ​សង្ឃឹម​ថា ចំណែក​ទីផ្សារ​របស់​ខ្លួន​នឹង​កើន​ដល់ 9% នៅ​ត្រឹម​ឆ្នាំ 2030​។ ចំណែក​ឯ​តម្លៃ​សរុប​នៃ​ទីផ្សារ​អវកាសពិភពលោក​គ្រោង​នឹង​កើន​ឡើង​ដល់​មួយ​ទ្រីលាន​ (1,000,000,000,000) ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ 2040​។

បណ្ដា​ក្រុម​ហ៊ុន​ឥណ្ឌា​មាន​ប្រៀប​ជាង​គេនៅ​​ក្នុង​ការ​ចំណាយ​ទាប ព្រោះ​ថា​ប្រទេស​នេះ​មាន​វិស្វករ​ជាន់​ខ្ពស់​ច្រើន​ដែល​មាន​ប្រាក់​បៀវត្សរ៍​ទាប​ជាង​បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​បរទេស​។ ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អវកាស​​របស់​ឥណ្ឌា​​ដែល​លេច​ធ្លោ​​ជាង​គេ​ក្នុងប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រួម​មាន​ជា​អាទិ៍​ Skyroot Aerospace, Dhruva Space និង​ Bellatrix Aerospace ជា​ដើម​៕

Advertisement