ក្រុម​ហ៊ុន​​អាម៉េរិក​ជិត​សាកល្បង «​បំពាក់​ឈីបកុំព្យូទ័រ​ក្នុង​​ខួរក្បាល​មនុស្ស»​

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​អាម៉េរិក Elon Musk កំពុង​អភិវឌ្ឍ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» សម្រាប់​ដាំ​ក្នុង​ខួរក្បាល​មនុស្ស​។

កាលពី​ខែឧសភា 2023 រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាម៉េរិក (FDA) បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ Neuralink ធ្វើ​ការ​សាកល្បង​វះកាត់​ដាំ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» (brain-computer interface) ក្នុង​ខួរក្បាល​មនុស្ស​ដំបូង​គេ​បង្អស់​។

កាលពី​ថ្ងៃទី 19 កញ្ញា 2023 ក្រុម​ហ៊ុន​ Neuralink ​ប្រកាស​ថា បាន​ទទួល​ការអនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ឯករាជ​មួយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើតេស្ត​ឈីប​ខួរក្បាល​ដំបូង​សម្រាប់​ក្រុម​អ្នក​ជំងឺ​ដែល​ស្លាប់​អវយវៈ។ ក្រុម​ហ៊ុន​នេះ​ក៏​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​​ការ​ពិសោធ​នេះហើយ​។

អ្នក​ជំងឺស្ម័គ្រ​ចិត្ត​ដែល​ចូល​រួម​ការពិសោធ​នេះ​នឹង​ត្រូវ​បាន​រ៉ូបូត​វះកាត់​ដាំ​កូន​ឈីប​កុំព្យូទ័រ​ទៅ​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​តួនាទី​​បញ្ជា​លើ​ការ​កម្រើក​របស់​​អវយវៈ​។ អ្នក​ជំនាញ​សង្ឃឹម​ថា ឧបករណ៍​បច្ចេក​វិទ្យា​​ដែល​មាន​ឈ្មោះ​ថា «The Link» នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ដែល​​ពិការ​អវយវៈ​ អាច​បញ្ជា​​គ្រាប់​ចុច​ ឬ​ទស្សន៍ទ្រនិច (Cursor) របស់​កុំព្យូទ័រ​បាន​ ដោយការ​​ប្រើ​កម្លាំង​នៃការ​គិត​។

ឈីប «The Link» របស់​ Neuralink

គោលដៅ​នៃ​ការ​ធ្វើតេស្ត​ខាងលើ​គឺដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​របស់ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជា​ឧបករណ៍​សម្រាប់​បំពាក់​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​​ផលិតឡើង​ដើម្បី​បកស្រាយរលក​សញ្ញា​ខួរក្បាល​​​ និង​ជំរុញ​សកម្មភាព​របស់​ខួរក្បាល​។

បើសិន​​ទទួល​បាន​ជោគ​ជ័យ​ បច្ចេកវិទ្យា​របស់ Neuralink នឹង​អាច​ជា​បដិវត្តន៍សម្រាប់​​វិស័យ​ជា​ច្រើន​ មាន​ជា​អាទិ៍ វិស័យ​ថែទាំ​សុខភាព ទូរគមនាគមន៍ និង​អន្តរកម្មរវាង​មនុស្ស​ជាមួយ​នឹង​កុំព្យូទ័រ ក៏ដូច​ជា​បច្ចេក​វិទ្យា​ទំនើប​​ដទៃទៀត​​៕

Advertisement