យន្តហោះ​​​ប្រភេទ​ប្រណិត​ ល្បឿន​ 1,800 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង S-512 អាច​ហោះ​ហើរ​ក្នុង​រង្វង់ 11,500 គីឡូម៉ែត្រ ដឹក​មនុស្ស​បាន​ពី 12 ដល់ 18 នាក់​ និង​ឆ្ពោះ​ទៅ​រក​ប្រណិត​ភាព​។

ក្រុម​ហ៊ុន​អាកាសចរណ៍ និង​អវកាស​អាម៉េរិក Spike Aerospace ប្រកាស​ថា ​ចាប់​ផ្ដើម​ទទួល​យក​ការ​បញ្ជាទិញ​ជា​មុន​សម្រាប់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​មាន​តម្លៃ​ 100 លាន​ដុល្លារ​របស់​ខ្លួន​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 កញ្ញា 2023​។

ក្ដី​ស្រមៃ​អំពី​ការ​ហោះ​ឆ្លង​សមុទ្រ​ក្នុង​ល្បៀន​លឿន​ជាង​សំឡេង​របស់មនុស្ស​ជាតិ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ 2003 នៅ​ពេល Concorde ហោះ​ហើរ​ជា​លើក​ចុង​ក្រោយ​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​ប្រែ​ក្លាយ​ក្ដី​ស្រមៃ​នោះ​ឱ្យ​ក្លាយ​ជា​ការ​ពិត​សាជា​ថ្មី​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន Aerion និង Boom Supersonic ជា​ដើម ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ច្រើន​។ ដូច្នេះ ការ​ប្រកាស​ទទួល​យក​ការ​បញ្ជា​ទិញ​ជា​មុន​របស់ Spike បាន​ធ្វើ​ឱ្យ​មាន​ក្ដីសង្ឃឹម​ដែល​ថា ជើង​ហោះ​ហើរ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​នឹង​មាន​ការ​ពេញ​និយម​។

យន្ត​ហោះល្បឿន​លឿន​ជាង​សំឡេង​របស់ Spike Aerospace មាន​ឈ្មោះ​ថា S-512 ដែល​អាច​ដឹក​មនុស្ស​បាន​ពី​ 12 ទៅ 18 នាក់​។ យន្តហោះ​នេះ​មាន​ការ​រួម​ផ្សំ​រវាង​ការ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​ និង​ប្រណិត​ភាព​ សម្រាប់​ក្រុម​អតិថិជនដែល​ជា​​អ្នក​មាន​ និង​មាន​តម្រូវ​ការ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​​។

S-512 គ្រោង​នឹង​ផ្លាស់​ទី​ក្នុង​ល្បឿន​ Mach 1.6 (លឿន​ជាង​សំឡេង​ 1.6 ដង)​ ដែល​ប្រហាក់​ប្រហែល​នឹង​ 1,800 គីឡូម៉ែត្រ​/ម៉ោង​។ ដូច្នេះ អតិថិជន​​អាច​ធ្វើដំណើរ​លឿន​ជាង​យ៉ាង​ហោច 800 គីឡូម៉ែត្រ​/ម៉ោង​ បើ​ធៀប​នឹង​យន្តហោះ​ស៊ីវិល​បច្ចុប្បន្ន​។

Spike Aerospace មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ច្រើន​អំពី​បច្ចេក​វិទ្យា​របស់​យន្តហោះ S-512 នៅ​ឡើយ​។ ប៉ុន្តែ យោង​តាម​គេហទំព័ររបស់​ក្រុម​ហ៊ុន​នេះ កាប៊ីន​មិន​មាន​បង្អួច​របស់​វា​រួម​ចំណែក​ក្នុង​ការ​នាំ​មក​នូវ​ជើង​ហោះ​ហើរ​ដ៏​ស្ងប់​ស្ងាត់​។ ក្រុម​ហ៊ុន​នេះ​អះអាង​ថា យន្តហោះ​របស់​ខ្លួន​នឹង​មិន​បង្ក​សំឡេង​ផ្ទុះ​នៅ​ពេល​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​។ ដូច្នេះ​វា​អាច​ហោះ​ក្នុង​ល្បឿន​លឿន​បំផុត​ទាំង​នៅ​ពី​លើ​សមុទ្រ​ ទាំង​នៅ​ពី​លើ​ដី​គោក៕

Advertisement