យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​សង្គ្រោះ​បន្ទាន់ ​ល្បឿន​ 460 គីឡូម៉ែត្រ​/ម៉ោង

យាន​ជំនិះ​ហោះ​ឡើង​ និង​ចុះ​ចត​បញ្ឈរ​ត្រង់​ JA1 Pulse បំពាក់​ស្លាប​ចក្រ​អគ្គិសនី​ 8 គ្រឿង អាច​ដឹក​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​ទីតាំង​មាន​ជន​រង​គ្រោះ​បាន​យ៉ាង​ឆាប់​រហ័ស​។

ក្រុម​ហ៊ុន​អាម៉េរិក Jump Aero ឱ្យ​ដឹង​ថា រូប​រាង​របស់ JA1 Pulse ដែល​ជា​យាន​ជំនិះ​ហោះ​ឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ដឹក​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​គោលដៅ​បាន​លឿនបំផុត​​។ JA1 Pulse ទទួលបាន​ការ​បញ្ជា​ទិញ​ជា​មុន​ ប៉ុន្តែ Jump Aero មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ពេល​វេលា​ដំណើរ​ការ​របស់​យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​អគ្គិសនី​​នេះ​នៅ​ឡើយ​។

JA1 Pulse មាន​រូប​រាង​បែប tail-sitter ដែល​មាន​ន័យ​ថា ពេល​ចត​លើ​ដី វា​នឹង​ «អង្គុយ» ដោយកន្ទុយ ចំណែក​ក្បាល និង​ស្លាប​ចក្រ​បែរ​ទៅ​លើ​។ វា​ហោះ​ឡើង​ដូច​ឧទ្ធម្ភាគ​ចក្រ​ ប៉ុន្តែ​នៅ​ពេល​ហោះ​ឡើង​ដល់​កម្ពស់​សម​ល្មម វា​នឹង​ហោះ​ទៅ​មុខ​ដូច​យន្តហោះ​ធម្មតា។

ប្រព័ន្ធ​បញ្ជា​នៅ​លើ​យាន​ជំនិះ​នេះ​​មាន​លក្ខណៈ​សាមញ្ញ មិន​ត្រូវ​ការ​ការ​ហ្វឹក​ហាត់​បើកបរ​ស៊ីជម្រៅ​។ ទន្ទឹម​នឹង​នេះ JA1 Pulse នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ បើ​សិន​វា​ជួប​បញ្ហា​។ បើ​យាន​ជំនិះ​នេះ​មិន​អាច​បន្ត​ដំណើរ​ពេល​កំពុង​ហោះ​ហើរ ពីឡុត​នឹង​ប្រើ​ប្រាស់​ឆត្រ​យោង​។

តាម​គម្រោង JA1 Pulse នឹង​អាច​ហោះ​ក្នុង​ល្បឿន 463 គីឡូម៉ែត្រ​/ម៉ោង​ អាច​ដឹក​ឧបករណ៍ ឬ​អ្នក​បើក​បរ​ដែល​មាន​ទម្ងន់​ 150 គីឡូក្រាម​ និង​អាច​ហោះ​ដល់​គ្រប់​គោល​ដៅ​ដែល​ស្ថិត​ក្នុង​រង្វង់ 50 គីឡូម៉ែត្រ​ ដោយ​ប្រើ​ពេល​ 8​ នាទី​។

ម៉ូទ័រ​របស់​ស្លាប​ចក្រ​នីមួយៗ​ទទួល​ថាមពល​ពី​ថ្ម​ផ្ទុក​អគ្គិសនីកម្លាំង​ 11 គីឡូវ៉ាត​ម៉ោង​ អាច​បញ្ចូល​ថាមពល​ដំណាល​គ្នា​តាម​រយៈ​ឌុយ​តែ​មួយ​។

ដោយ​សារ​តែមិន​​ប្រើ​ប្រាស់​សម្រាប់​ការ​ដឹក​អ្នក​ជំងឺ ដូច្នេះ JA1 Pulse មិន​មែន​ជា​យាន​ដែល​នឹង​ចូល​មក​ជំនួស​ឡាន​សង្គ្រោះ​បន្ទាន់​ឡើយ​។ នៅ​ពេល​មាន​ហេតុការណ៍​បន្ទាន់ ទាំង​យាន​​នេះ ទាំង​រថយន្ត​សង្គ្រោះ​បន្ទាន់ ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដំណាល​គ្នា​ ហើយ​ JA1 Pulse នឹងទៅ​ដល់​មុន​។ ពេល​នោះ ពីឡុតជា​បុគ្គលិក​សង្គ្រោះ​បន្ទាន់​នឹង​ជួយ​ដោះ​ស្រាយ​មុន​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​វេជ្ជសាស្ត្រ​នៅ​លើ​យាន​នេះ​។ ពេល​ឡាន​ពេទ្យ​ទៅ​ដល់ បុគ្គលិក​លើ​ឡាន​នឹង​ទទួល​ចាត់​ចែង​ការ​ងារ​បន្ត​ ហើយ JA1 Pulse អាច​ងាក​ទៅ​បំពេញ​ភារកិច្ច​ថ្មី​៕

Advertisement