លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

ដោយធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​បញ្ជូន​សារ​ក្នុង​រយៈ​ពេល​រាប់​សិប​សតវត្សរ៍​កាល​ពី​សម័យ​មុន​ៗ សត្វ​ព្រា​បច្ចុប្បន្ន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ បើ​ធៀប​នឹង​បណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប​កញ្ចក់​។

កាល​ពី​សម័យ​បុរាណ សត្វ​ព្រាប​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​អ្នក​នាំ​សារ​ ព្រោះ​តែ​វា​អាច​ហោះ​ហើរ​រាប់​ពាន់​គីឡូម៉ែត្រ​ ឬ​ឆ្ងាយ​ជាង​នេះ​ក្នុង​ល្បឿន​ប្រហែល 100 គីឡូម៉ែត្រ​/ម៉ោង​។ សត្វព្រាប​មួយ​ចំនួន​អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 180 គីឡូម៉ែត្រ​/ម៉ោង ជួយ​បញ្ជូន​សារ​បាន​យ៉ាង​ឆាប់​រហ័ស​។

ក៏ប៉ុន្តែ ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ តើ​សត្វ​ព្រាប​អាច​យក​ឈ្នះ​លើ​អ៊ីនធើណិត​ ឬ​អត់​?

ដើម្បី​ឆ្លើយ​នឹង​សំនួរ​ខាងលើ ការ​ពិសោធ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ឆ្នាំ 2009 ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ការ​ប្រកួត​លើ​នេះ សត្វ​ព្រាប​នៅ​តែ​មិន​មាន​ការ​ប្រែ​ប្រួល​ បើ​ធៀប​នឹង​ឆ្នាំ 2009​។ ចំណែក​ល្បៀន​របស់​អ៊ីនធើណិត​ ពិសេស​គឺ​បណ្ដាញ​ខ្សែ​កាប​អុប​ទិច​ដែល​ធ្វើ​ពី​កញ្ចក់​ នៅ​ឆ្នាំ​ 2023 មាន​ល្បឿន​លឿន​ជាង​ ADSL របស់​ឆ្នាំ 2009 ​ឆ្ងាយ​ណាស់​។ កាល​នោះ ក្រុម​ហ៊ុនអ៊ីនធើណិត​ Telkom ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​វាស់​វែង​ពេល​វេលា​ និង​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​របស់​សត្វ​ព្រាប​មួយ​ក្បាល​ ដែល​បំពាក់​អង្គ​ចងចាំ​ 4 GB ប្រៀប​ធៀប​ជាមួយ​នឹង​ល្បឿន​អ៊ីនធើណិត​ ADSL របស់​ Telkom។

ដោយ​ហោះ​ក្នុងល្បឿន​រហូត​ដល់ 125 គីឡូម៉ែត្រ/ម៉ោង សត្វ​ព្រាប​ខាង​លើ​បាន​យក​ឈ្នះ​លើ​អ៊ីនធើណិត​របស់ក្រុម​ហ៊ុន Telkom។ លទ្ធផល​បង្ហាញ​ថា សត្វ​ព្រាប​បាន​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោង​ និង​ 8 នាទី ដើម្បី​ហោះ​ដល់​ទីតាំង​ដែល​បាន​កំណត់​ដែល​មាន​ចម្ងាយ​ពី​ដើម​ទី​ប្រហែល 96 គីឡូម៉ែត្រ​។ បើ​គិតទាំង​ពេល​វេលា​ផ្ទេរ​ទិន្នន័យ​ 4GB ដែល​ស៊ី​ពេល​អស់​មួយ​ម៉ោង​ទៀត ពេល​វេលា​សរុប​សម្រាប់​ដំណើរ​ការ​បញ្ជូន​ទិន្នន័យ​តាម​សត្វ​ព្រាប​គឺ​ប្រហែល​ជាង​ពីរ​ម៉ោង​។

ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ សេវា​ ADSL របស់ Telkom ទើប​តែ​ផ្ញើ​ (ឬ upload) បាន​ 4% ធៀប​នឹង​ទិន្នន័យ 4GB ដែល​បញ្ជូន​ទៅ​កាន់​កុំព្យូទ័រ​មួយផ្សេង​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​នោះ​ 96 គីឡូម៉ែត្រ​។

សត្វ​ព្រាប​ និង​អ៊ីនធើណិត​បន្ត​ប្រកួត​នឹង​គ្នា​ក្រោយ​រយៈ​ពេល 14 ឆ្នាំ

14 ឆ្នាំ​ បន្ទាប់ពី​ការ​ប្រកួត​ដំបូង​ ការ​ប្រកួត​មួយ​ទៀត​រវាង​សត្វ​ព្រាប និង​អ៊ីនធើណិត​ក៏​ត្រូវ​បាន​ធ្វើ​ឡើងជា​ថ្មី​ក្នុង​​ឆ្នាំ 2023​ ដោយ​ YouTuber ផ្នែក​បច្ចេក​វិទ្យា Jeff Geerling។

រូប​មន្ត​នៃការ​ប្រកួត​ក្នុង​ឆ្នាំ 2023 គឺ​ដូច​ទៅ​នឹង​ឆ្នាំ 2009 នៅ​ពេល​ YouTuber ឈ្មោះ Jeff Geerling បាន​ភ្ជាប់​ USB, SSD, SanDisk Extreme PRO 1TB (មួយ​គ្រាប់​ទម្ងន់​ 5 ក្រាម) ទៅ​លើ​ជើង​សត្វ​ព្រាប​ និង​ឱ្យ​ហោះទៅ​កាន់​ទីតាំង​មួយ​ដែល​មាន​ចម្ងាយ​ 1.6 គីឡូម៉ែត្រ​

លទ្ធផល​នៃ​ការ​ប្រកួត​លើក​នេះបង្ហាញ​ថា សត្វ​ព្រាប​ចំណាយ​ពេលប្រហែល​មួយ​នាទី​ដើម្បី​ហោះ​ដល់​គោល​ដៅ។ បើ​បូក​ទាំង​ពេល​វេលា​ចម្លង​ទិន្នន័យ​ 3TB ទៀត ព្រាប​នៅ​តែ​យក​ឈ្នះ​លើបណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប។

Advertisement