អ្នក​ស្រាវ​ជ្រាវ​​អភិវឌ្ឍ​ពីឡុត​​ AI រាង​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក

ថ្មី​ៗ​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កូរ៉េខាងត្បូង​បាន​អភិវឌ្ឍ​​រ៉ូបូត​ទំនើប​ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ដែល​មាន​សមត្ថភាព​ជំនួស​អ្នកបើក​បរ​នា​ពេល​អនាគត​។

រ៉ូបូត​ដែល​មាន​រូប​រាង​ដូច​មនុស្ស​នេះ​មាន​ឈ្មោះ​ថា​ PIBOT និង​មាន​កម្ពស់ 1.6 ម៉ែត្រ, ទម្ងន់ 65 គីឡូក្រាម និង​មាន​ប្រព័ន្ធ​កាមេរ៉ា​នៅ​លើ​ក្បាល​។ PIBOT ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​។ បើ​ទោះ​​​ហាក់​នៅ​យឺត​ ប៉ុន្តែ​ PIBOT ចង​ចាំ​រាល់​សកម្មភាព​​​ចាំបាច់​របស់​​​ជើង​ហោះ​ហើរ​ និង​អាច​បញ្ជា​លើ​ការ​ហោះ​ឡើង​ និង​ចុះ​ចត​។

សាស្ត្រាចារ្យ​ David Hyunchul Shim ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​​បាន​ឱ្យ​ដឹង​ថា PIBOT គឺជា​ពីឡុត​រូប​រាង​មនុស្ស​ដំបូង​គេ​បង្អស់​លើពិភពលោក​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​រូបមន្ត​ភាសា​ធំ (Large language model (LLM)) អនុញ្ញាត​ឱ្យ​វា​យល់រាល់​​សំណេរ​ណែនាំ​អំពី​ជើង​​ហោះ​ហើរ​ដែល​សរសេរ​ជា​ភាសា​ពេញ​និយម​។

គុណ​សម្បត្តិ​របស់​ពីឡុត​រ៉ូបូត​នេះ​គឺ​ការ​រក្សា​បាន​ស្ថានភាព​នឹង​នខ្ពស់​បំផុត​ មាន​សមត្ថភាព​ប្រតិកម្មរហ័ស​នៅ​ចំពោះ​មុខ​ស្ថានការណ៍​អាសន្ន​ដោយ​មិន​មាន​ការ​ស្លន់ស្លោ។ PIBOT ក៏​អាច​ពិនិត្យ​មើល​សំណេរ​ស្ដី​ពី​ការ​ហោះ​ហើរ​បាន​រហ័ស​​ជាង​មនុស្ស​ឆ្ងាយ​ណាស់ ដោយ​សារ​បំពាក់​កម្មវិធី​ ChatGPT។

បច្ចុប្បន្ន PIBOT អាច​​បញ្ជា​ការ​ហោះ​ហើរ​នៅ​លើ​ប្រព័ន្ធ​ធ្វើ​ត្រាប់​តាម​ការ​ហោះ​ហើរ​។ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​គម្រោង​សាកល្បងបច្ចេក​វិទ្យា​ PIBOT នៅ​លើ​យន្តហោះ​ខ្នាត​តូច​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕

Advertisement