​ក្រុម​ហ៊ុន​អាល្លឺម៉ង់​អភិវឌ្ឍ​យន្តហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង

កំណែ​សាកល្បង​ខ្នាត​តូច​នៃ​យន្តហោះ​អវកាស​ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ Polaris បាន​បញ្ចប់​ការ​ហោះ​ហើរ​សាក​ល្បង​ជា​ច្រើន​ដោយ​ជោគ​ជ័យ​។

ក្រុម​ហ៊ុន​អវកាសចរណ៍​ Polaris Raumflugzenge របស់​អាល្លឺម៉ង់ បាន​បញ្ចប់​ការ​ហោះហើរ​សាកល្បង​ជា​ច្រើន​ជើង​នៅ​ក្នុង​ដំណើរ​​ធ្វើ​តេស្ត​ និង​អភិវឌ្ឍ​ Aurora ដែល​ជា​កំណែ​យន្តហោះ​អវកាស​ជំនាន់​បន្ទាប់​។ កាលពី​ចុង​ខែ​សីហា ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​តេស្ត​ហោះ​ហើរ​ដោយ​ជោគ​ជ័យ​ចំពោះ​ Mira-Light ​ជា​កំណែ​ខ្នាត​តូច​នៃ​យន្តហោះ​សាកល្បង​ទីបួន Mira ដែល​គ្រោង​នឹង​ហោះ​ហើរ​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​នេះ​។

Polaris កំពុង​អភិវឌ្ឍ​​​យន្ត​ហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង Aurora តាម​រយៈ​បណ្ដា​កំណែ​សាកល្បង​ជា​ច្រើន មាន​ដូច​ជា Mira ជា​ដើម​

យាន Aurora ដែលជា​ការ​រួម​ផ្សំ​រវាង​យន្តហោះ និង​បច្ចេក​វិទ្យា​បាញ់​បង្ហោះ​រ៉ុក្កែត​ដែល​មាន​រូប​រាង​ថ្មី​ ដើម្បី​ផ្ដល់​គុណ​ប្រយោជន៍​ដល់​ការ​ចំណាយ​ បើក​ផ្លូវ​សម្រាប់​ការ​ហោះ​ទៅ​មក​ទីអវកាស​បាន​ញឹក​ញាប់​ សុវត្ថិភាព​ និង​តម្លៃ​ទាប​។ Polaris កំពុង​ផលិត​យន្តហោះ​សាកល្បង​ខ្នាត​តូច​មួយ​ចំនួន​ដើម្បី​ធ្វើ​តេស្ត​បច្ចេកវិទ្យា​ និង​ពន្លឿន​ការ​អភិវឌ្ឍ​យន្ត​ហោះ​អវកាស Aurora​។

Mira-Light មាន​បណ្ដោយ​ 2.5 ម៉ែត្រ និង​ជា​កំណែ​សាមញ្ញ​ស្ដី​ពី​បច្ចេក​វិទ្យា​របស់​យន្តហោះ​ធំ និង​ធ្ងន់​ជាង​ដែល​មាន​ឈ្មោះ​ថា Mira។​ យាន​ Mira-Light នេះ​បំពាក់​ម៉ូទ័រ​អគ្គិសនី​បួន​គ្រឿង​ដើម្បី​ផ្ដល់​កម្លាំង​រុញ​ច្រាន​ ខណៈ​ Mira ប្រើ​ប្រាស់​ទួរប៊ីន​ប្រតិកម្ម​ដែល​ដំណើរ​ការ​ដោយ​ kerosene និង​ម៉ាស៊ីន​រ៉ុក្កែត​​ប្រើ​ប្រាស់​ឥន្ធនៈរាវ​។

Mira-Light តំណាង​ឱ្យ​យាន​ទីបួន​របស់​ក្រុម​ហ៊ុន​ដែល​ហោះ​ហើរ​សាកល្បង បន្ទាប់​ពី​បណ្ដា​កំណែយន្តហោះ​សាកល្បង​មុន​ៗ​​នោះ​ គឺ Stella, Aleda និង Athena។

ក្រុម​ហ៊ុន Polaris ឱ្យ​ដឹង​ថា «ដោយ​សារ​តែ​ជើង​ហោះ​ហើរ​ដំបូង​ប្រព្រឹត្ត​ទៅ​ដោយ​រលូត​ យើង​ក៏​បន្ត​ការ​សាកល្បង​បញ្ជា​យន្តហោះ និង​កម្មវិធី​កែតម្រូវ​ក្នុង​ថ្ងៃ​ដដែល​។ នៅ​ចុង​ថ្ងៃ​ដដែល Mira-Light សម្រេច​បាន​ 5 ជើង​ហោះ​ហើរ​ដោយ​មិន​បាន​ជួបបញ្ហា​អ្វី​ទាំង​អស់​។ យើង​គ្រោង​នឹង​ធ្វើ​ការ​ហោះ​ហើរ​សាកល្បង​ពី 10 ទៅ 15 ជើង​ទៀត​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ដើម្បី​បង្ហើយកម្មវិធីសាកល្បង​ទាំង​មូល»។

Polaris មាន​ផែនការ​បញ្ចប់​ការ​សាកល្បង​ជាមួយ​នឹង Mira នៅ​ចុង​ឆ្នាំ 2023​។ កំណែយន្តហោះ​សាកល្បង​ចុងក្រោយ​គឺ Nova ដែល​នឹង​ហោះ​ហើរ​នៅ​ដើម​ឆ្នាំ​ក្រោយ​។

ប្រព័ន្ធ​ដ៏​ទំនើប​នៅ​លើយន្តហោះ​អវកាស Aurora អនុញ្ញាត​ឱ្យ​វា​ហោះ​ឡើង​ពី​ព្រលាន​យន្តហោះ​ដូច​យន្តហោះ​ធម្មតា​។ Aurora អាច​ដឹក​ទំនិញ​បាន 1,000 គីឡូក្រាម​ នៅ​ក្នុង​បេសកកម្ម​ឡើង​ទៅ​កាន់​គន្លង​តារាវិថី និង 10,000 គីឡូក្រាម​ក្នុង​ជើង​ហោះ​ហើរ​ទៅ​កាន់​តំបន់​ក្បែរ​គន្លង​តារាវិថី ឬ​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​។

យោង​តាមក្រុម​ហ៊ុន​អាល្លឺម៉ង់​ Polaris យន្តហោះ​អវកាស Aurora នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ 2026 ឬ​ ឆ្នាំ​2027​ ខាង​មុខ៕

Advertisement