យន្តហោះ​ល្បឿន​មហា​លឿនរបស់ Boom ហោះ​ហើរ​​សាកល្បងឆាប់ៗ​នេះ

(សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុន Boom Supersonic ប្រកាស​ថា យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​គំរូ​ដើម​របស់​ពួក​គេ​បាន​ឆ្លង​ផុត​ការ​សាកល្បង​នៅ​លើ​ដី​ និង​ទទួល​បាន​ការ​អនុញ្ញាត​ពី FAA ក្នុង​ការ​ហោះ​ហើរ​សាកល្បង​នា​ពេល​ខាងមុខ​។

យន្តហោះ XB-1 ដែល​មាន​ទំហំ​ស្មើ​នឹង 1/3​ នៃ​ទំហំ​ផ្លូវ​ការ​​ក្នុង​គម្រោង​អភិវឌ្ឍ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture ត្រូវ​បាន​ក្រុម​ហ៊ុន Boom ធ្វើ​តេស្ត​លើ​ដី​នៅ​ឯ​អវកាសយានដ្ឋាន Mojave ក្នុង​រដ្ឋ California មុន​នឹង​ដំណើរ​ហោះ​ហើរ​សាកល្បង​ដំបូង​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 29 សីហា​ 2023​។

រដ្ឋបាល​អាកាសចរណ៍​សហរដ្ឋ​អាម៉េរិក (FAA) បាន​អនុញ្ញាត​ឱ្យ​ XB-1 ធ្វើ​ការ​ហោះ​ហើរ​ដំបូងដោយ​មាន​ពីឡុត​។ XB-1 មាន​បណ្ដោយ​ 21 ម៉ែត្រ, ស្លាប​ប្រវែង 5.2 ម៉ែត្រ, កម្ពស់ 5.2 ម៉ែត្រ និង​ទម្ងន់​អតិបរមា​ពេល​ហោះ​ហើរ​គឺ 6,123 គីឡូក្រាម​។

យន្តហោះ​នេះ​បំពាក់ម៉ាស៊ីន​ General Electric J85-15 ​ដែល​ប្រើ​ប្រាស់​ឥន្ធនៈ​អាកាសចរណ៍ប្រកប​ដោយ​​ស្ថិរភាព (SAF) ចំនួន​បី​គ្រឿង ផ្ដល់​កម្លាំង​រុញ​ច្រាន​សរុប 5,579 គីឡូក្រាម​ និង​ល្បឿន​ 2,100 គីឡូម៉ែត្រ​/ម៉ោង​។

Advertisement