​គ្រាន់តែ​ស្ដាប់​សំឡេង​ក្ដារ​ចុច ក៏ AI ​ដឹង​ខ្លឹមសារ ពិសេស​គឺ​លេខ​សម្ងាត់!

AI (បញ្ញា​សិប្បនិម្មិត) អាច​ដឹងបាន​នូវ​ខ្លឹមសារ​ដែល​ម្ចាស់​កុំព្យូទ័រ​ចុច​លើ​ក្ដារ​ចុច តាមរយៈ​ការ​ស្ដាប់​សំឡេង​ពី​លេប​ថប​ក្នុង​ហាង​កាហ្វេ ហើយ​មាន​សុក្រឹតភាព​ជិត 100%។

ក្រុម​ស្រាវជ្រាវ​មួយក្រុម​រួមមាន Joshua Harrison មកពី​ក្រុមហ៊ុន Amazon, សាស្ត្រាចារ្យ Ehsan Toreini មកពី​សាកលវិទ្យាល័យ Surrey និង​សាស្ត្រាចារ្យ Maryam Mehrenzhad មកពី​សាកលវិទ្យាល័យ Royal Holloway របស់​អង់គ្លេស ឱ្យដឹងថា កុំព្យូទ័រ​យួរដៃ​កំពុង​ក្លាយជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ការវាយប្រហារ​ដោយ​ការប្រើប្រាស់ AI ព្រោះតែ​លក្ខណៈ​ចល័ត​របស់​ពួកវា។

«មនុស្ស​ជាច្រើន​ចូលចិត្ត​យក​លេប​ថប​ទៅធ្វើ​ការ​ក្នុង​បណ្ណាល័យ ហាង​កាហ្វេ ជាទី​ដែល​សំឡេង​ចុច​កុំព្យូទ័រ​ងាយស្រួល​ត្រូវគេ​ថត​ដោយ​មិនដឹង​ខ្លួន» របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ​សរសេរ​ដូច្នេះ និង​បន្តថា «សំឡេង​ពី​គ្រាប់​ចុច​កុំព្យូទ័រ​កំពុង​ក្លាយជា​មធ្យោបាយ​សម្រាប់​ការវាយប្រហារ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​វា​មាន​ស្រាប់ ចំណែក​ជនរងគ្រោះ​ក៏​មិនមាន​ការសង្ស័យ ហើយ​បើទោះជា​ដឹង​ក៏​មិនអាច​លាក់បាំង​ (សំឡេង) បាន»។

ក្រុម​ខាងលើ​បាន​ប្រើ​ប្រាស់​ឧបករណ៍​ច្រើន​ប្រភេទ​ដើម្បី​ថត​សំឡេង​ចុច​កុំព្យូទ័រ ក្នុងនោះ​មាន​ទូរស័ព្ទ​ជាដើម។ សំឡេង​នោះ ក្រោយមក​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កុំព្យូទ័រ​ដែលមាន​កម្មវិធី​សិក្សា​ជ្រៅ (deep learning) ពី​ចម្ងាយ និង​មាន​ភារកិច្ច​ស្វែងយល់​នូវ​ខ្លឹមសារ​ដែល​ត្រូវបាន​គោលដៅ​បញ្ចូល​ទៅក្នុង​កុំព្យូទ័រ​តាមរយៈ​ក្ដារ​ចុច ទៅតាម​ពេលវេលា​ដំណាលគ្នា។

នៅក្នុង​ការពិសោធ​ស្វែងយល់​ខ្លឹមសារ​ដែល​បញ្ចេញ​សំឡេង​ពី​ក្ដារ​ចុច​កុំព្យូទ័រ MacBook Pro និង​ត្រូវបាន​ថត​ដោយ​ស្មា​ត​ហ្វូ​ន លទ្ធផល​ដែល​ទទួលបាន​គឺ​ត្រូវ​រហូតដល់ 95%។ ចំណែក​ការថត​តាមរយៈ​ការហៅ​ទូរស័ព្ទ​វីដេអូ​ដូច Zoom ជាដើម ភាព​សុក្រឹត​គឺ 93%។

ក្រុម​ស្រាវជ្រាវ​និយាយថា លទ្ធផល​នៃ​ការពិសោធ​នេះ​បង្ហាញថា វិធី​ខាងលើនេះ​មាន​ប្រសិទ្ធភាព​​ចំពោះ​តែ​ការ​ចុច​កុំព្យូទ័រ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ដូច្នេះ ការវាយប្រហារ​ពី​ចោរ​អ៊ី​ន​ធើ​ណិ​ត ទំនងជា​ប្រើប្រាស់​វិធី​នេះ​ដើម្បី​លួច​​តែ​ទិន្នន័យសំខាន់ៗ និង​មានតម្លៃ​ខ្ពស់ មាន​ជាអាទិ៍ ឈ្មោះ​គណនី លេខ​សម្ងាត់ និង​ព័ត៌មាន​កាត ATM ជា​ដើម​។

វិធី​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ត្រូវគេ​លួច​ថត​សំឡេង​ចុច​កុំព្យូទ័រ​ គឺ​ការប្រើប្រាស់​លេខ​សម្ងាត់​ស្មុគស្មាញ រួមមាន​អក្សរពិសេសៗ បូក​នឹង​អក្សរ​ធំ អក្សរ​តូច និង​លេខ​ជាដើម ហើយ​ដាក់​លេខ​កូដ​បញ្ជាក់​ច្រើន​ជាន់ ឬ​ប្រើ​វិធី​ស្កេ​ន​ផ្ទៃមុខ ក្រយៅដៃ​ដើម្បី​ការពារ​សុវត្ថិភាព​ទិន្នន័យ៕

Advertisement