របៀបដែល ណាសា (NASA) ប្រើប្រាស់ដែន​ទំនាញ​ និងរលកវិទ្យុ ដើម្បីសិក្សាភព និងព្រះច័ន្ទ

ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) កំពុង​តែ​ប្រើ​ប្រាស់​អង់តែន​វិទ្យុ​នៅ​លើ​ដី​ដើម្បី​ទាក់​ទង​ជាមួយ​យាន​អវកាស​រាប់​សិប​គ្រឿង​​របស់​ខ្លួន​ ដែល​កំពុង​ធ្វើ​សកម្មភាព​ និង​ស្រាវជ្រាវ​វត្ថុអវកាស​នានា​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​វិស្វករ​កំពុង​ទាក់​ទង និង​បញ្ជា​យាន​អវកាស​ទាំង​ឡាយ​របស់​ពួក​គេ​ដែល​ស្ថិត​នៅ​ទីអវកាស​សែន​ឆ្ងាយ​ តាម​រយៈ​ប្រព័ន្ធ​អវកាស​ជ្រៅ​ ​ជា​បណ្ដាញ​ដែល​មាន​អង់តែន​វិទ្យុ​ខ្នាត​យក្ស​របស់​ណាសា​។

បណ្ដាញ​អវកាស​ជ្រៅ ឬ DSN មិន​ត្រឹម​តែ​ជា​សេវាបញ្ជូន​ទិន្នន័យ​នោះ​ទេ វា​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​ពិសោធ​វិទ្យាសាស្ត្រ​ស្ដី​ពី​កម្លាំង​ទំនាញ និង​រលក​វិទ្យុ​ផងដែរ។ តើ​វិទ្យាសាស្ត្រ​​កម្លាំង​ទំនាញ និង​រលក​វិទ្យុ​​គឺជា​អ្វី? ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​វា​ជួយ​ដល់​មនុស្ស​ក្នុង​ការ​ស្វែង​យល់​បន្ថែម​ពី​បណ្ដា​ភព​ ព្រះចន្ទ រួម​នឹង​អាចម៍​ផ្កាយ​នានា​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​?

គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​អំពី​កម្លាំង​ទំនាញ​។ នោះ​គឺជា​កម្លាំង​ដែល​ជួយ​ឱ្យ​វត្ថុ​មួយ​​ស្រូប​ទាញ​យក​វត្ថុដទៃ​ៗ ឧទាហរណ៍​ដូច​ជា​ ភព​មួយ​ស្រូប​ទាញ​យាន​អវកាស​ឱ្យ​ហោះ​សំដៅ​ទៅ​រក​វា​ជា​ដើម​។ កម្លាំង​ទំនាញ​ក៏​ជា​កម្លាំង​ដែល​ជួយ​ឱ្យ​ភព​ទាំង​ឡាយ​គោចរ​ទៅ​តាម​គន្លង​តារា​វិថី​ជុំវិញ​ព្រះ​អាទិត្យ​ផងដែរ​។

នៅ​លើ​ផែនដី មនុស្ស​ប្រើ​ប្រាស់​ ឬ​ឆ្លង​កាត់​កម្លាំង​ទំនាញ​ជា​រៀង​រាល់​ថ្ងៃ​។ នៅ​ពេល​ទម្លាក់​វត្ថុ​មួយ​ វា​នឹង​ធ្លាក់​មក​លើ​ដី​កាន់​តែ​លឿន​​ ព្រោះ​តែ​កម្លាំង​ទំនាញ​របស់​ផែនដី​ធ្វើ​ឱ្យ​វត្ថុ​នោះ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​កាន់​តែ​លឿន​។ យាន​អវកាស​ដែល​ហោះ​សំដៅ​ភព​ណា​មួយ​ក្នុង​ល្បឿន​លឿន​ ឬ​យឺត​គឺ​អាស្រ័យ​ទៅ​លើ​ម៉ាស​របស់​ភព​នោះ​។ ម៉ាស​កាន់​តែ​តូច កម្លាំង​ទំនាញ​ក៏​កាន់​តែ​តិច។

សភាព​នៃ​ទំនាញ​ បូក​រួម​នឹង​ចំណេះ​ដឹង​ស្ដី​ពី​រលក​វិទ្យុ ជួយ​ឱ្យ​មនុស្ស​ប្រើ​ប្រាស់​កម្លាំង​ទំនាញដើម្បី​ស្រាវជ្រាវ​ភព​នានា​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ បន្ទាប់​ពី​ទៅ​ដល់​គោលដៅ យាន​អវកាស​នឹង​ប្រើប្រាស់​អង់តែន​វិទ្យុ​ដើម្បី​ទាក់​ទង​មក​កាន់ DSN នៅ​លើ​ផែនដី​ ហើយ​បណ្ដាញ​នេះ​នឹង​បញ្ជូន​រលក​វិទ្យុ​ត្រលប់​ទៅឱ្យ​យាន​អវកាស​​វិញ។

យាន​អវកាស​នីមួយ​ៗ​ គោចរ​ទៅ​តាម​គន្លង​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​កំណត់​​ ហើយ​នឹង​បញ្ជូន​រលក​វិទ្យុ​នៅ​ពេល​ហោះ​ជុំវិញ​គោលដៅ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ និង​វិស្វករ​អាច​គណនា​ឃើញ​ទីតាំង​ និង​ល្បឿន​របស់​យាន​អវកាស​ តាម​រយៈ​ការ​វាស់​វែង​ទៅ​លើ​ការ​ប្រែប្រួល​របស់​ប្រេកង់រលក​វិទ្យុ​របស់​យាន​។ ប្រការ​នេះ​អាច​ទៅ​រួច​ក៏​ដោយ​សារ​តែ​ Doppler ដែល​ជា​បាតុភូត​ធ្វើ​ឱ្យ​សារ៉ែន​រថយន្ត​សង្គ្រោះ​បន្ទាន់​មាន​សំឡេង​ខុស​ប្លែកពី​គ្នា​ នៅ​ពេល​វា​ផ្លាស់​ទី​សំដៅ​មករក​អ្នក និង​ពេល​វា​ចាក​ចេញ​ទៅ​ឆ្ងាយ​ពី​អ្នក​។

បាតុភូត​ Doppler ដែល​ត្រូវ​បាន​សង្កេត​នៅ​ទីនេះ​គឺ​នៅ​ពេល​យាន​អវកាស និង​អង់តែន DSN ផ្លាស់​ទី​បែរ​ទៅ​រក​គ្នា​។ ភាព​ខុស​គ្នា​រវាង​ប្រេកង់​របស់​រលក​វិទ្យុ​ដែល​យាន​អវកាស​បញ្ជូន​មក​នៅ​ពេល​វា​គោចរ​ជុំវិញ​លើ​គន្លង​តារា​វិថី​ និង​រលក​សញ្ញា​ដែល​ទទួល​បាន​នៅ​លើ​ផែនដី នាំ​មក​នូវ​ព័ត៌មាន​លំអិត​ស្ដី​ពី​វិសាល​ភាព​នៃ​ដែន​ទំនាញ​របស់​វត្ថុ​អវកាស​មួយ​។ ឧទាហរណ៍​៖ បើសិន​កម្លាំង​ទំនាញ​ខ្លាំង​ជាង​បន្តិច យាន​អវកាស​នឹង​បង្កើន​ល្បឿន​លឿន​ជាង​មុន​បន្តិច​ ប៉ុន្តែ​បើ​កម្លាំង​ទំនាញ​របស់​វត្ថុ​អវកាស​នោះ​ខ្សោយ​បន្តិច យាន​អវកាស​ក៏​បង្កើន​ល្បឿន​យឺត​ជាង​បន្តិច​។

តាម​រយៈ​ការ​អភិវឌ្ឍ​រូបមន្ត​ស្ដី​ពី​ដែន​ទំនាញ​របស់​វត្ថុ​អវកាស ក្រុម​អ្នក​ស្រាវជ្រាវ​អាច​វិភាគ​ព័ត៌មាន​ស្ដី​ពី​រចនា​សម្ព័ន្ធ​ខាង​ក្នុង​របស់​វត្ថុ​អវកាស​ ដោយ​ប្រើ​ប្រាស់ DSN៕

Advertisement