យានអវកាស Voyager 2 ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ផែនដី

យានអវកាសរបស់​អាម៉េរិក​​ដែល​បាន​ហោះ​ដល់​តំបន់​អន្តរ​តារា​ និង​បាន​​ដាច់​​​ទំនាក់​ទំនងជា​មួយណា​សា​មុន​នេះ បានចាប់ផ្ដើម​បញ្ជូន​ទិន្នន័យ​មកកាន់​ផែនដី​វិញ​ហើយ កាលពី​ថ្ងៃទី 04 សីហា។

យានអវកាស Voyager 2 ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ផែនដី និង​កំពុងដំណើរការ​ធម្មតា។ បេសកកម្ម​យូរ​ឆ្នាំ Voyager 2 របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ 1977 ហើយ​បច្ចុប្បន្ន​ស្ថិតនៅ​ចម្ងាយ 19.9 ពាន់​លាន​គឺ​ឡូ​ម៉ែត្រ​ពី​ផែនដី។ យាន​នេះ​បាន​ដាច់​ទំនាក់ទំនង​នឹង​ណា​សា បន្ទាប់ពី​កូដ​បញ្ជា​មួយចំនួន​បានធ្វើឱ្យ​អង់​តែ​ន​របស់ Voyager 2 ងាក​ចេញពី​ផែនដី​កាលពី​ថ្ងៃទី 28 សីហា។ នេះ​បើតាម​ការផ្សាយ​របស់ Live Science។

កាលពី​ថ្ងៃទី 01 សីហា ក្រុម​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) បានទទួល​រលកសញ្ញា​ដែល​អាចឱ្យ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ។ Voyager 2 ត្រូវបាន​ដំឡើង​កម្មវិធី​ដែល​អាច​បង្វែរ​ទិស​របស់​អង់​តែ​ន​ដោយ​ឯកឯង​ច្រើនដង​ក្នុង​មួយឆ្នាំ ក្នុងករណី​មាន​បញ្ហា។ ការ​បង្វែរ​​អង់​តែ​ន​ដោយ​ស្វ័យប្រវត្ត​តម្រង់​មកកាន់​ផែនដី​លើក​បន្ទាប់​នឹងធ្វើ​ឡើង​នៅក្នុង​ខែតុលា​ឆ្នាំនេះ។

យានអវកាស Voyager 1 និង Voyager 2 បច្ចុប្បន្ន​ស្ថិតនៅ​ចម្ងាយ 19.9 ពាន់​លាន​គឺ​ឡូ​ម៉ែត្រ​ពី​ផែនដី

យានអវកាស Voyager 1 និង Voyager 2 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខី​សីហា និង​កញ្ញា ឆ្នាំ 1977 ក្នុងនោះ Voyager 2 ត្រូវបាន​បាញ់​បង្ហោះ​មុន។ យាន​ទាំងពីរ​នេះ​សុទ្ធតែ​បាន​ហោះ​កាត់​ពីមុខ​បណ្ដា​ភព​ដែល​នៅ​ជាយ​ប្រព័ន្ធ​ព្រះអាទិត្យ មុនពេល​ឆ្លងកាត់​ព្រំដែន​ឆ្ងាយ​បំផុត​របស់​តំបន់​ហេ​លី​អូ​ស្ពែ​រ (Heliosphere) ជា​ស្រទាប់​ក្រៅ​បង្អស់​នៃ​បរិយាកាស​ព្រះអាទិត្យ​ដែល​បែងចែក​ប្រព័ន្ធ​ព្រះអាទិត្យ​ពី​តំបន់​អន្តរ​តារា។

យាន Voyager 1 បាន​ទៅដល់​តំបន់​អន្តរ​តារា​មុន ដោយបាន​ឆ្លងកាត់​ហេ​លី​អូ​ស្ពែ​រ​កាលពី​ខែសីហា 2012។ បច្ចុប្បន្ន យាន​នេះ​កំពុងស្ថិត​ឆ្ងាយ​ពី​ផែនដី 23.8 ពាន់​លាន​គីឡូម៉ែត្រ។ Voyager 1 និង Voyager 2 នៅសល់​ថាមពល​ដែល​អាចឱ្យ​ប្រើប្រាស់​បានរ​ហូត​ដល់​យ៉ាងតិច​ត្រឹម​ឆ្នាំ 2025។

Voyager 1 និង Voyager 2 នឹង​នៅតែ​អាច​បន្ត​បំពេញបេសកកម្ម​ផ្ញើ​សារ​ទៅកាន់​ភាវៈ​រស់នៅក្នុង​ប្រព័ន្ធ​ផ្កាយ​នានា បន្ទាប់ពី​ពួកវា​អស់​ថាមពល ដោយសារ​តែមាន​បំពាក់​ថាស​ដែល​ផ្ទុក​សារ​ពី​មនុស្សលោក ក្នុងនោះ​មាន​ទាំង​សំឡេង​នានា និង​ផែនទី​ផ្កាយ​របស់​ផែនដី​ជាដើម៕

Advertisement