រុស្ស៊ី​នឹង​បាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​ដំបូង ក្រោយ​ជិត 50 ឆ្នាំ

កាលពី​ថ្ងៃទី 03 សីហា ទំព័រ RIA Novosti របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ប្រទេស​នេះ​នឹង​បាញ់​បង្ហោះ​យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ Luna-25 នៅ​​ក្នុង​ខែ​សីហា​ខាងមុខ ដែល​នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​ការវិល​ត្រលប់​មករក​កម្មវិធី​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​របស់​រុស្ស៊ី ក្រោយ​ការ​ផ្អាក​អស់​រយៈពេល​ជិត 50 ឆ្នាំ។

យោងតាម RIA Novosti កាលបរិច្ឆេទ​សម្រាប់​ការបាញ់​បង្ហោះ​យាន Luna-25 ត្រូវបាន​កំណត់​យក​វេ​លា​ទៀបភ្លឺ ថ្ងៃទី 11 សីហា 2023។ រ៉ុក្កែត Soyuz-2.1b នឹងត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Vostochny ក្នុង​ខេត្ត Amur នៅ​វេលា​ម៉ោង 02 និង 10 នាទី (ម៉ោង​នៅ​មូ​ស្គូ) នាំយក​កំណាត់​ខាងលើ Fregat និង​ស្ថានីយ​ស្វ័យប្រវត្ត​ឡើងទៅ​កាន់​ទី​អវកាស។ បន្ទាប់​ពី​ត្រូវបាន​បាញ់​បង្ហោះ និង​ផ្ដាច់ខ្លួន​ពី​រ៉ុក្កែត កំណាត់​ខាងលើ Fregat នឹង​នាំ​ស្ថានីយ​ស្វ័យប្រវត្ត​ឆ្ពោះទៅកាន់​គន្លង​តារាវិថី​ផែនដី និង​ហោះ​សំដៅ​ឋាន​ព្រះ​ចន្ទ។ ក្រោយ​រយៈពេល​បួន​ថ្ងៃ​កន្លះ ស្ថានីយ​នេះ​នឹងហោះ​​ចូលដល់​គន្លង​តារាវិថី​ជុំវិញ​ឋាន​ព្រះ​ចន្ទ រួច​​កែប្រែ​គន្លង​គោចរ​ជាច្រើនលើក មុននឹង​ចុះចត​នៅ​តំបន់​ប៉ូល​ខាងត្បូង។

បេសកកម្ម​របស់ Luna-25 គឺជា​ការសាកល្បង​បច្ចេកវិទ្យា​នានា​ដែល​ទាក់ទង​នឹង​ការ​ចុះចត​លើ​តំបន់​ប៉ូល​របស់​ព្រះ​ចន្ទ និង​ការ​ស្រាវជ្រាវ ពិសោធ​ទៅ​លើ​​ប្រភពធនធាន​​នានា​នៅលើ​ឋាន​មួយ​នេះ ក្នុងនោះ​មានទឹក​ជាដើម។ ភារកិច្ច​ផ្នែក​វិទ្យាសាស្ត្រ​របស់ Luna-25 គ្រោង​នឹង​អូស​បន្លាយពេល​មួយឆ្នាំ។

យានចុះចត Luna-24 របស់​អតីត​សូវៀត (រុស្ស៊ី)

យាន​ស្រាវជ្រាវ​ព្រះ​ចន្ទ​មុន​នោះ​របស់​ប្រទេស​រុស្ស៊ី ​គឺ Luna-24 ដែល​ត្រូវបាន​បាញ់​ប្រ​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​កាលពី​ឆ្នាំ 1976។ ព្រឹត្តិការណ៍​នោះបាន​ក្លាយជា​ប្រវត្តិសាស្ត្រ​នៃ​ការស្រាវជ្រាវ​ទី​អវកាស​របស់​ពិភពលោក នៅពេល​វា​យក​បាន​សំណាក​ដី​ពី​ឋាន​ព្រះ​ចន្ទ ដែល​ក្រោយមក​ត្រូវបាន​បញ្ជាក់ថា ទឹក​មាន​វត្តមាន​នៅលើ​ឋាន​រណប​មួយ​នេះ។

តាម​ផែនការ ក្រោយពី​ព្រឹត្តិការណ៍​បាញ់​បង្ហោះ Luna-25 រុស្ស៊ី​ក៏មាន​គម្រោង​បាញ់​បង្ហោះ​យាន Luna-26 និង Luna-27 នៅក្នុង​ឆ្នាំ 2024 និង 2025 ផងដែរ៕

Advertisement