ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ជិតបាន​ឡើង​ទៅ​​​ជំនួស ISS

Airbus និង​ក្រុមហ៊ុន​អាម៉េរិក Voyager Space កាលពី​ថ្ងៃទី 02 សីហា បានប្រកាស​បង្កើត​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​ដើម្បី​អភិវឌ្ឍ Starlab ដែលជា​កំណែ​ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ដែល​អាច​ជំនួស​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​ដែល​​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់នេះ គ្រោង​នឹង​អាចឆ្លើយតប​នឹង​តម្រូវ​ការ​ពី​បណ្ដា​ទីភ្នាក់ងារ​អវកាស​នៅលើ​ពិភពលោក ទន្ទឹមនឹងការ​​បើកផ្លូវ​ឱ្យមាន​ឱកាស​ថ្មី​សម្រាប់​វិស័យ​ពាណិជ្ជ​កម្ម​។ នេះ​បើតាម Matthew Kuta ប្រធាន​ក្រុមហ៊ុន Voyager Space។

ដើម្បី​ជំនួស ISS ណា​សា​មាន​គម្រោង​ទិញ​សេវាកម្ម​ពី​ដៃគូ​សហការ​ជំនួស​ឱ្យ​ការចាត់ចែង​កម្មវិធី​ដោយផ្ទាល់ ដូច​ទៅនឹង​អ្វីដែល​បាន​អនុវត្ត​នៅក្នុង​ការនាំ​អវកាសចរ​​ឡើងទៅ​កាន់​ទី​អវកាស។ Voyager Space ទទួលបាន​កិច្ចព្រមព្រៀង​តម្លៃ 160 លាន​ដុល្លារ​ពី​ណា​សា​កាលពី​ចុងឆ្នាំ 2021 ដើម្បី​អភិវឌ្ឍ Starlab។

ទន្ទឹមនឹង Voyager Space ណា​សា​ក៏បាន​ប្រគល់ប្រាក់​ 130 លាន​ដុល្លារ​ឱ្យ Blue Origin និង 126 លាន​ដុល្លារ​ឱ្យ Northrop Grumman ដើម្បី​អភិវឌ្ឍ​បណ្ដា​គម្រោង​អវកាស​ដោយឡែក។ ក្រុមហ៊ុន​អាម៉េរិក Axiom Space ក៏​កំពុង​អភិវឌ្ឍ​ស្ថានីយ​អវកាស​មួយ​ក្រោម​ការជួយ​គាំទ្រ​ពី​ណា​សា និង​ក្រុមហ៊ុន Thales Alenia Space ផងដែរ​។

AFP ឱ្យដឹងថា តាម​ផែនការ Starlab នឹងត្រូវ​បាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​តារាវិថី​នៅ​ឆ្នាំ 2028។ ស្ថានីយ​អវកាស​ថ្មី​នេះ​នឹងមាន​អង្កត់ផ្ចិត​ប្រវែង 8 ម៉ែត្រ វែង​ជាង​ជិត​ពីរដង​ធៀប​នឹង ISS ប៉ុន្តែ​ផ្ទៃក្រឡា​ខាងក្នុង​ស្មើនឹង​ពាក់កណ្ដាល ព្រោះថា ISS មាន​ម៉ូឌុល​ច្រើនជាង។

Advertisement