អាម៉េរិក​ជិត​បាញ់​បង្ហោះ​យានអវកាស​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​លើ​ពិភពលោក

យានអវកាស​ទំនើប​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រហែល 300 ឆ្នាំ នៅលើ​គន្លង​តារាវិថី​ផែនដី។

បច្ចុប្បន្ន នៅ​ចំពោះមុខ​ការប្រកួតប្រជែង​គ្នា​ក្នុងការ​គ្រប់គ្រង​ទី​អវកាស គ្រា​ដែល​បច្ចេកវិទ្យាទំនើបៗកំពុង​ត្រូវបាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់ បណ្ដា​ប្រទេសរីក​ចម្រើន​​​ក៏​ចាប់ផ្ដើម​អភិវឌ្ឍ​យានអវកាស​ដែល​អាច​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ថាមពល​នុយ​ក្លេ​អែរ។

កាលពី​ថ្ងៃទី 26 កក្កដា 2023 សហរដ្ឋ​អាម៉េរិក​បានប្រកាសថា កំពុង​រៀប​គម្រោង​បាញ់​បង្ហោះ​យានអវកាស​ដែល​ប្រើប្រាស់​ម៉ាស៊ីន​នុយ​ក្លេ​អែរ​ដំបូង​លើ​ពិភពលោក ឡើងទៅ​កាន់​គន្លង​តារាវិថី​ផែនដី នៅ​ឆ្នាំ 2027។

យោងតាម​កិច្ចព្រមព្រៀង ​​ណា​សា និង​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ទំនើប​សម្រាប់​ការពារជាតិ (DARPA) ដែលជា​ស្ថាប័ន​របស់​ក្រសួងការពារជាតិ​អាម៉េរិក កំពុងតែ​រក​វិធី​អភិវឌ្ឍ​ម៉ាស៊ីន​រ៉ុក្កែត​ដែល​ប្រើ​ថាមពល​នុយ​ក្លេ​អែរ ដែល​អាច​បង្កើន​លឿន​នៃ​ដំណើរ​ផ្សងព្រេង​ក្នុង​ទី​អវកាស និង​ជួយ​ឱ្យ​មនុស្ស​ឡើងទៅ​កាន់​ភព​អង្គារ​បាន​ឆាប់រហ័ស។ នេះ​បើតាម​ការចុះផ្សាយ​របស់ Washington Post។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 26 កក្កដា ណា​សា និង DARPA ក៏បាន​ប្រកាសថា ពួកគេ​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយនឹង Lockheed Martin ក្នុងការ​អភិវឌ្ឍ ផលិត និង​សាកល្បង​ដំណើរការ​រ៉ុក្កែត​ប្រើ​ថាមពល​នុយ​ក្លេ​អែរ​នេះហើយ។ បើសិន​គ្រប់យ៉ាង​ដំណើរ​ការល្អ Lockheed Martin នឹង​ទទួលបាន​ប្រាក់​ជិត 500 លាន​ដុល្លារ ក្នុងនោះ​មាន​ពាក់កណ្ដាល​បាន​ពី​ណា​សា និង​ពាក់កណ្ដាលទៀត​​បាន​ពី DARPA។

បន្ទាប់ពី​យានអវកាស​ត្រូវបាន​ដំឡើង​ម៉ាស៊ីន​រ៉ុក្កែតនុយក្លេអែរ​​របស់ Lockheed Martin វា​នឹង​ត្រូវបាន​នាំ​ឡើង​ទៅកាន់​កម្ពស់​ពី 700 ទៅ 2,000 គីឡូម៉ែត្រ។ យានអវកាស​នេះ​នឹង​ស្ថិតនៅលើ​គន្លង​តារាវិថី​ផែនដី​ប្រហែល 300 ឆ្នាំ គ្រប់គ្រាន់​ដើម្បីឱ្យ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​របស់​វា រលាយ​ដល់​កម្រិត​សុវត្ថិភាព៕

Advertisement