យានអវកាស​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដាច់​ទំនាក់​ទំនងជា​មួយណា​សា

បន្ទាប់ពី​បានធ្វើឱ្យ​អង់​តែ​ន​របស់​យានអវកាស Voyager 2 បែរ​ទិស​ចេញពី​ផែនដី​ដោយ​អ​ចេតនា ណា​សា​​ក៏​ត្រូវ​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យាន​ដែល​កំពុង​ស្ថិតក្នុង​តំបន់​អន្តរ​តារា​មួយគ្រឿង​នេះ យ៉ាងតិច​ក៏​រហូតដល់​ថ្ងៃទី 15 តុលា។

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) បាន​ដាច់​ទំនាក់​ទំនងជា​បណ្ដោះអាសន្ន​ជាមួយនឹង​យានអវកាស Voyager 2 ជាយាន​​ដែល​ហោះ​ឆ្ងាយ​ពី​ផែនដី​បំផុត​លំដាប់​ទី​ពីរ ដោយ​​បច្ចុប្បន្នកំពុង​ផ្លាស់​ទី​ឆ្លងកាត់​លំហ​អវកាស​ក្នុង​តំបន់​អន្តរ​តារា និង​មាន​ចម្ងាយ​ពី​ផែនដី​ចំនួន 19.9 ពាន់​លាន​គីឡូម៉ែត្រ។ ណា​សា​ឱ្យដឹងថា ពួកគេ​បាន​ដាច់​ទំនាក់ទំនង​ជាមួយនឹង​យាន​នេះ​តាំងពី​ថ្ងៃទី 21 កក្កដា 2023 បន្ទាប់ពី​កូដ​បញ្ជា​យាន​មួយចំនួន​បានធ្វើឱ្យ​អង់​តែ​ន​របស់ Voyager 2 ត្រូវ​បែរ​ល្អៀង​ពីមុខ​ព្រួញ​មកកាន់​ផែនដី​ប្រហែល 2 ឌឺក្រេ។

កំហុស​ខាងលើនេះ​ធ្វើឱ្យ​ណា​សា​មិនអាច​ទទួល​ទិន្នន័យ​ដែល​បញ្ជូន​មកពី Voyager 2។ យានអវកាស​នេះ បច្ចុប្បន្នកំពុង​គោចរ​តែលតោល​នៅក្នុង​លំហ​អវកាស​ងងឹត ក្រោយពី​បាន​ហោះ​ផុតពី​តំបន់​ព្រំដែន​ខាងក្រៅ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​ខែវិច្ឆិកា​ឆ្នាំ 2018។

យោងតាម​ណា​សា បញ្ហា​ដាច់​ទំនាក់ទំនង​នេះ​គ្រាន់តែ​ជា​រឿង​​បណ្ដោះអាសន្ន។ Voyager 2 ត្រូវបាន​កំណត់ឱ្យ​កែតម្រូវ​ទិស​របស់​អង់​តែ​ន​ច្រើនដង​ក្នុង​មួយឆ្នាំ ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយនឹង​ផែនដី ក្នុង​គ្រា​ដែល​វា​ហោះ​កាន់តែ​ឆ្ងាយ។ តាម​ការគ្រោងទុក Voyager 2 នឹងធ្វើ​ការកែ​តម្រង់ទិស​របស់​អង់​តែ​ន​ម្ដងទៀត ​នៅ​ថ្ងៃទី 15 តុលា​ឆ្នាំ 2023 ពេលនោះ​ទំនាក់ទំនង​​រវាង​មនុស្ស​ជាមួយនឹង​យាន​នេះ​នឹង​ត្រូវបាន​ភ្ជាប់​ឡើងវិញ។

យានអវកាស Voyager 1 និង Voyager 2 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខី​សីហា និង​កញ្ញា ឆ្នាំ 1977 ក្នុងនោះ Voyager 2 ត្រូវបាន​បាញ់​បង្ហោះ​មុន។

ថាស​ដែល​ផ្ទុក​សារ​ពី​មនុស្សលោក​នៅ​លើ​យាន​អវកាស​ Voyager

យាន​ទាំងពីរ​នេះ​សុទ្ធតែ​បាន​ហោះ​កាត់​ពីមុខ​បណ្ដា​ភព​ដែល​នៅ​ជាយ​ប្រព័ន្ធ​ព្រះអាទិត្យ មុនពេល​ឆ្លងកាត់​ព្រំដែន​ឆ្ងាយ​បំផុត​របស់​តំបន់​ហេ​លី​អូ​ស្ពែ​រ (Heliosphere) ជា​ស្រទាប់​ក្រៅ​បង្អស់​នៃ​បរិយាកាស​ព្រះអាទិត្យ​ដែល​បែង​ចែក​​ប្រព័ន្ធ​ព្រះអាទិត្យ​ពី​តំបន់​អន្តរ​តារា។

យាន Voyager 1 បាន​ទៅដល់​តំបន់​អន្តរ​តារា​មុន ដោយបាន​ឆ្លងកាត់​ហេ​លី​អូ​ស្ពែ​រ​កាលពី​ខែសីហា 2012។ បច្ចុប្បន្ន យាន​នេះ​កំពុងស្ថិត​ឆ្ងាយ​ពី​ផែនដី 23.8 ពាន់​លាន​គីឡូម៉ែត្រ។ យោងតាម​ណា​សា យាន Voyager 1 និង Voyager 2 នៅសល់​ថាមពល​ដែល​អាចឱ្យ​ប្រើប្រាស់​បានរ​ហូត​ដល់​យ៉ាងតិច​ត្រឹម​ឆ្នាំ 2025។

បើ​ទោះ​អស់​ថាមពល​ក៏ដោយ ពួកវា​នៅតែ​អាច​បន្ត​បំពេញបេសកកម្ម​ផ្ញើ​សារ​ទៅកាន់​ភាវៈ​រស់នៅក្នុង​ប្រព័ន្ធ​ផ្កាយ​នានា។ ព្រោះថា នៅលើ​យាន​ទាំងនេះ​មាន​បំពាក់​ថាស​ដែល​ផ្ទុក​សារ​ពី​មនុស្សលោក ក្នុងនោះ​មាន​ទាំង​សំឡេង​នានា និង​ផែនទី​ផ្កាយ​របស់​ផែនដី​ផងដែរ៕

Advertisement