YouTube លុបវីដេអូ​រាប់ពាន់​របស់​​ឆានែល​​នៅ​​វៀតណាម ​ដោយ​​ជឿ​ថា បាន​រំលោភ​គោល​ការណ៍

បុគ្គលិក​ម្នាក់​កំពុង​គូរ​រូប​ភាព​សម្រាប់​ភាព​យន្ត​គំនូរ​ជីវចល Wolfoo

YouTube បាន​លុប​វីដេអូ​ចំនួន​រាប់ពាន់​ដែល​និយាយ​អំពី​តួអង្គ Wolfoo ដោយសារមាន​ការ​តវ៉ា​ថា បាន​រំលោភ​​កម្មសិទ្ធិបញ្ញារបស់ Peppa Pig ប៉ុន្តែ​ខាង​ក្រុមហ៊ុន​វៀតណាម​ថា មិនបានធ្វើ​ខុស​​គោលការណ៍។

Sconnect ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​របស់​វៀតណាម ដែល​នៅ​ពីក្រោយ​តួអង្គ​ភាពយន្ត​គំនូរ​ជីវ​ច​ល Wolfoo យល់ថា YouTube បាន​លុប​វីដេអូ​ទាំងនេះ​ដោយ​ខុសច្បាប់ បណ្ដាលឱ្យ​​ឆា​នែ​ល​នានា​​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាត់បង់​វីដេអូ​ជាង 3,000 និង​ចំនួន​​អ្នក​​ចូល​​មើល​រាប់ពាន់​លាន​លើក។

ក្នុង​របាយការណ៍​ដែល​បាន​ផ្ញើ​ល​ទៅកាន់​អាជ្ញាធរ​វៀតណាម​កាលពី​ចុងខែ​កក្កដា Sconnect ឱ្យដឹងថា បណ្ដា​វីដេអូ​របស់​ពួកគេ​ត្រូវបាន​បណ្ដាញ​សង្គម​របស់ Google លុបចោល​ដោយ​លើក​​ហេតុផល​ថា បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិបញ្ញា​ស្ដីពី​រូបភាព និង​សំឡេង។ ភាគី​ដែល​បាន​រាយការណ៍​ទៅ YouTube គឺ Entertainment One (EO) ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​តួអង្គ​​គំនូរ​ជីវចល​ជ្រូក Peppa។

គំនូរ​ជីវចល Peppa Pig

យោងតាម Sconnect ទាំង EO ទាំង YouTube សុទ្ធតែ​មិនបាន​លើកឡើង​ភ័ស្ដុតាង​ច្បាស់លាស់​ដែល​បង្ហាញថា បណ្ដា​វីដេអូ Wolfoo បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិ​រូបភាព និង​សំឡេង​នៅក្នុង​វីដេអូ​របស់ Peppa Pig។ ក្រៅពីនេះ សំឡេង និង​រូបភាព​ទាំងនេះ​ក៏​សុទ្ធតែ​មាននៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

ក្រុមហ៊ុន​វៀតណាម​ខាងលើ​ឱ្យដឹងថា បាន​ផ្ញើ​ការ​តវ៉ា​​នេះ​ទៅកាន់​តំណាង YouTube តាំងពី​ខែមិថុនា ប៉ុន្តែ​ក្រោយ​រយៈពេល​ជាង​មួយខែ នៅតែ​មិនទាន់​ទទួលបាន​ចម្លើយ។ ចំណែក​ចំនួន​វីដេអូ​ដែល​ត្រូវបាន​លុប និង​មិនអាច​ស្ដារឡើងវិញ​បាន នៅតែ​បន្ត​កើនឡើង គ្រា​ដែល​​ឆា​នែ​ល​ជាច្រើន​មិនអាច​បង្ហោះ​វីដេអូ​ថ្មី បង្កឱ្យមាន​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ។

គំនូរ​ជីវចល Wolfoo

យោង​តាម​ការ​គណនា​នៅ​លើ​ទំព័រ SocialBlade ឆា​នែ​ល Wolfoo Family របស់ Sconnect បាន​បត់​បង់​ចំនួន​អ្នក​ចូល​មើល​អស់​ប្រហែល 2.4 ពាន់​លាន​លើក ក្រោយពី​វីដេអូ​នានា​របស់​ឆា​នែ​ល​នេះ​ត្រូវបាន​លុប​កាលពី​ខែឧសភា 2023។

ក្នុង​ពេល​​ដែល​អាជ្ញាធរ​វៀតណាម​កំពុង​រក​ដំណោះស្រាយ ភាគី​ខាង YouTube និង EO មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​ការតវ៉ា​របស់ Sconnect៕

Advertisement