AI បង្កើត​រូបភាព​ដូច​ថត​ក្នុង​ស្ទូឌីយូ កំពុង​ធ្វើឱ្យ​កក្រើក​ប្រទេស​ចិន

Miaoya ដែលជា​កម្មវិធី​បង្កើត​រូបភាព​នៅក្នុង WeChat កំពុង​ក្លាយជា AI (បញ្ញា​សិប្បនិម្មិត) ដែលមាន​ការពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន បើ​ទោះ​អ្នកប្រើប្រាស់​ត្រូវ​បង់ថ្លៃ 9.9 យន់​ (1.39 ដុល្លារ​អាម៉េរិក) ពេល​ចូល​បង្កើត​រូបភាពម្ដងៗ។

កម្មវិធី​ខាងលើនេះ​ត្រូវបាន​បង្ហាញខ្លួន​កាលពី​ថ្ងៃទី 17 កក្កដា 2023 នៅលើ​បណ្ដាញ​សង្គម WeChat របស់​ចិន។ នេះ​គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Weixu Internet Technology នៅ​ប្រទេសចិន។

Miaoya អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ដំឡើង​រូបថត​ផ្ទៃ​មុខជា​លើកដំបូង ហើយ​បន្ទាប់មក​គឺ​កម្រង​រូបថត 20 សន្លឹក​ដែល​ថតថ្មីៗបំផុត។ AI នឹង​ចាត់ចែង​បំប្លែង​រូប​ទាំង​នេះ​​ឱ្យទៅជា​រូបភាព​ស្ដង់ដា រួម​នឹង​រូប​ភាព​បែប​ថត​ក្នុង​ស្ទូ​ឌី​យោ។

«លទ្ធផល​ពិតជា​ដូច​ខ្លាំង​ទៅនឹង​ការថត​ក្នុង​ហាង» Zhang Yichang រស់នៅក្នុងខេត្ត Zhejiang ប្រទេស​ចិន និយាយ​អំពី​រូប​របស់​នាង​ដែល AI របស់ Miaoya បាន​បំប្លែង។

យោងតាម SCMP ដោយសារ​តែមាន​អ្នកប្រើប្រាស់​ច្រើន កម្មវិធី​ខាងលើ​ក៏មាន​បញ្ហាយឺតយ៉ាវ​ជា​ញឹកញាប់។ អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ថា ត្រូវ​រង់ចាំ​ដល់ 24 ម៉ោង ទើប​អាច​ទទួលបាន​រូបភាព​របស់ខ្លួន។ តំណាង​របស់​ក្រុមហ៊ុន​ខាងលើ​ក៏​ចេញមក​ទទួលស្គាល់​បញ្ហា ហើយ​ថា កំពុង​ដោះស្រាយ។

ទោះជា​យ៉ាងណាក៏ដោយ រូបភាព​ដែល AI របស់ Miaoya បង្កើតឡើង មិនមែន​សុទ្ធតែ​ស្អាត​ទាំង​អស់​នោះទេ។ វា​នៅមាន​បញ្ហា​ដែល​អ្នកប្រើប្រាស់​មិន​ចង់បាន​ផងដែរ។ ក្នុងនោះ​មានដូចជា រូប​ខ្លះ​មាន​ដៃ​ធំ​ជាង​ធម្មតា។ល។

AI កំពុងតែ​ធ្វើឱ្យ​កក្រើក​ពិភពលោក បន្ទាប់ពី ChatGPT របស់ OpenAI ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់។ ទន្ទឹមនឹង​ផលប្រយោជន៍​ដ៏​ច្រើន​ដែល AI បាន និង​កំពុង​ផ្ដល់​ឱ្យ ពិភពលោក​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ដែល​កើតឡើង​ដោយសារ AI។ ចាប់ពី​មាន AI មនុស្ស​ជាច្រើន​បាន​បាត់បង់​ការងារ ពិសេស​គឺក្រុម​​វិចិត្រករ អ្នក​និពន្ធ​រឿងខ្លីៗ និង​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ជាដើម៕

Advertisement