​ម៉ូតូ​អគ្គិសនីទំនើប​ ផលិត​ដោយ​​ក្រុមហ៊ុន​វៀតណាម

NU-E មាន​រូបរាង​បែប​អនាគតកាល លាយ​នឹង​បុរាណកាល ខណៈ​គ្រឿង​ម៉ាស៊ីន ថ្ម​ផ្ទុក​អគ្គិសនី និង​គ្រឿង​ដទៃ​ជាច្រើន​ទៀត សុទ្ធ​តែមាន​ស្រាប់​នៅក្នុង​ទីផ្សារ។

ម៉ូតូ​អគ្គិសនី NU-E គឺជា​ម៉ូតូ​អគ្គិសនី​បែប​គំរូ​របស់​ក្រុមហ៊ុន​វៀតណាម Nuen Moto ​នៅ​ទីក្រុង​ព្រៃនគរ (ហូជីមិញ)។ ម៉ូតូ​នេះ​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​រូបមន្ត​ដែលមាន​ស្រាប់​ ដោយ​​ក្រុមហ៊ុន​នេះ​គ្រាន់តែ​រចនា​រូបរាង និង​ផលិត​គ្រោងឆ្អឹង គ្រា​ដែល​គ្រឿង​ផ្គុំ​នានា​ដែល​ NU-E ប្រើប្រាស់​ គឺជា​របស់​​អាច​រក​ទិញ​បាន​នៅក្នុង​ទីផ្សារ។ គ្រឿង​ផ្គុំ​ដែល​ NU-E ប្រើប្រាស់​ រួមមាន ​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស៊ុយអែត អង់គ្លេស ជប៉ុន ចិន។ល។

NU-E មាន​ទម្ងន់​ប្រហែល 160 គីឡូក្រាម។ ម៉ូ​ទ័​រ​មាន​កម្លាំង​ពី 6 ទៅ 10 គីឡូវ៉ាត់។ ថ្ម​របស់​វា​អាច​ផ្ទុក​ថាមពល 72 វ៉ុល 120 អំពែរ​ម៉ោង ស្មើនឹង 8.64 គីឡូវ៉ាត់ម៉ោង។ ម៉ូតូ​នេះ​អាច​បើកបរ​ក្នុង​ល្បឿន 150 គីឡូម៉ែត្រ/ម៉ោង និង​ធ្វើដំណើរ​បាន​ចម្ងាយ 100 គីឡូម៉ែត្រពេល​បរ​លឿន និង 200 គីឡូម៉ែត្រពេល​បើកបរ​យឺត។

យោងតាម​ក្រុមហ៊ុន Nuen ម៉ូតូ​អគ្គិសនី NU-E នេះ គ្រាន់តែ​ជា​កំណែ​សម្រាប់​បង្ហាញ​ពី​និន្នាការ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ប៉ុន្តែ Nuen នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ៕

Advertisement