ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

ថ្មីៗនេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប Lingxi-03 ដែលមាន​ស្លាប​បំពាក់​ផ្ទាំង​សូ​ឡា​មហា​ស្ដើង និង​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ផ្កាយរណប 13,000 គ្រឿង ដើម្បី​ប្រកួតប្រជែង​នឹង SpaceX របស់​អាម៉េរិក។

ផ្កាយរណប​​ Lingxi-03 ​ដែល​​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន GalaxySpace នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​រ៉ុក្កែត Long March 2D កាលពី​ព្រឹក​ថ្ងៃទី 23 កក្កដា។

ផ្ទាំង​សូ​ឡា​ដែល​ត្រូវបាន​បំពាក់​លើ​ស្លាប​ផ្កាយរណប អាច​កាច់​កោង ​កម្រាស់​ប្រហែល 1 មិល្លីម៉ែត្រ ដែល​ស្មើនឹង 5% នៃ​កម្រាស់​របស់​ផ្ទាំង​សូ​ឡា​ធម្មតា។ ផ្ទាំង​សូ​ឡា​របស់​ផ្កាយរណប​នេះ​មាន​ប្រវែង 9 ម៉ែត្រ និង​ទទឹង 2.5 ម៉ែត្រ នៅពេល​លាតសន្ធឹង។

GalaxySPace គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប។ តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ជា​បន្តបន្ទាប់ចំនួន​ 13,000 គ្រឿង ដើម្បី​អាច​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​អាម៉េរិក SpaceX ដែលបច្ចុប្បន្ន​​មាន​ ផ្កាយ​រណប​ Starlink ជាង​ 4,500 គ្រឿង​ កំពុង​ដំណើរ​ការ​នៅ​លើ​មេឃ។

នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ផែនដី​នឹងមាន​ផ្កាយរណប​ច្រើនជាង 60,000 គ្រឿង ហោះហើរ​លើ​គន្លង​តារាវិថី ដែល​ភាគច្រើន​គឺជា​ផ្កាយរណប​របស់​អាម៉េរិក ពិសេស​គឺ Starlink របស់ SpaceX៕

Advertisement