ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

ក្រុម​អ្នកជំនាញ​របស់​ប្រទេស​ចិន កំពុងតែ​សាងសង់​មូលដ្ឋាន​ថ្មី​ដើម្បី​បម្រើ​ដល់​ការពិសោធ​ដែល​ទាក់ទង​នឹង​ដែន​ទំនាញផែនដី រួមចំណែក​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ទី​អវកាស។

មូលដ្ឋាន​ពិសោធន៍​មីក្រូ​ទំនាញ​ជាមួយនឹង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច (Microgravity Experiment Facility with Electromagnetic Launch – MEFEL) នៅ​ទីក្រុង​ប៉េកាំង មាន​កម្ពស់ 40 ម៉ែត្រ ប្រើប្រាស់​ម៉ាស៊ីន​ពិសេស​ដែល​នាំ​វត្ថុ​ឡើង-ចុះ និង​ទទួល​បទពិសោធន៍​នៃ​ស្ថានភាព​ដែល​ស្ទើរតែ​មិនមាន​ទំនាញផែនដី​ក្នុង​រយៈពេល 4 វិនាទី។ នេះ​បើតាម​ការចុះផ្សាយ​របស់ SCMP កាលពី​ថ្ងៃទី 20 កក្កដា 2023។

MEFEL អាចឱ្យ​ធ្វើការ​ពិសោធ 100 ដង/ថ្ងៃ និង​ចំណាយ​អគ្គិសនី​ប្រហែល​តែ 1 គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ការពិសោធ​មួយ។ វា​ក៏​​អាចបង្កើត​កម្លាំង​ទំនាញ​ស្រាល​ដើម្បី​ធ្វើ​ត្រាប់​តាម​លក្ខខណ្ឌ​​ធម្មជាតិ​នៅលើ​ព្រះ​ចន្ទ និង​ភព​អង្គារ។

កាលពី​ឆ្នាំ 2019 មូលដ្ឋាន​ដំបូង​ដែល​ស្ថិតក្នុង​ប្រភេទ MEFEL ចាប់ផ្ដើម​ដំណើរការ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​មាន​ឈ្មោះថា Einstein – Elevator។ អគារ​នេះ​មាន​កម្ពស់ 40 ម៉ែត្រ អាច​ឱ្យទទួល​បទពិសោធ​ន៍​ស្ថានភាព​គ្មាន​ទំនាញ​ប្រហែល 4 វិនាទី ហើយ​អាចធ្វើ​ការពិសោធ​បាន 300 ដង/ថ្ងៃ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បានចាប់ផ្ដើម​អភិវឌ្ឍ MEFEL តាំងពី​ឆ្នាំ 2017។ ពួកគេ​ប្រើប្រាស់​ម៉ាស៊ីន​ប្រវែង 3 ម៉ែត្រ ដើម្បី​បង្កើត​បរិស្ថាន​គ្មាន​ទំនាញ​ក្នុង​រយៈពេល​ខ្លី។ នៅ​ខាងក្នុង MEFEL ឈុត​សម្រាប់​ពិសោធន៍​នឹង​ផ្ដល់​បរិស្ថាន​មាន​ទំនាញផែនដី​ស្មើនឹង 1/100,000 នៃ​កម្រិត​​ទំនាញ​ធម្មតា​នៅលើ​ផែនដី ក្នុង​រយៈពេល 4 វិនាទី។

ក្រុម​វិស្វករ​ចិន ក៏​ពុង​តែ​អភិវឌ្ឍ MEFEL ជំនាន់​ថ្មី ដែល​គ្រោង​នឹង​អាចបង្កើត​ស្ថានភាព​គ្មាន​ទំនាញ​ឱ្យបាន​ដល់ 20 វិនាទី និង​ទម្ងន់​​អតិបរមា​​សម្រាប់​ការពិសោធ នឹង​ឡើងដល់ 500 គីឡូក្រាម៕

Advertisement