ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ

ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​របស់​ប្រទេស​ចិន និង​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

ក្រុមហ៊ុន China Three Gorges Corporation បាន​ត​ភ្ជាប់​ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ កម្លាំង 16 ម៉េ​ហ្គា​វ៉ា​ត់ (MW) ដំបូង​លើ​ពិភពលោក ទៅ​នឹង​បណ្ដាញ​អគ្គិសនី​។ ដោយមាន​អង្កត់ផ្ចិតរ​ង្វិ​ល​ជុំ​ប្រវែង 260 ម៉ែត្រ ទួ​រ​ប៊ី​ន​ខ្នាត​យក្ស​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​ដល់​តម្រូវការ​រប​ស់មនុស្ស 36,000 គ្រួសារ​នៅ​ប្រទេស​ចិន។

ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​ឈ្មោះថា MySE 16-260 និង​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន MingYang Smart Energy គឺជា​ទួ​រ​ប៊ី​ន​ធំ​បំផុត​ដែល​បាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី។ ម៉ូ​ទ័​រ​ផលិត​អគ្គិសនី​ក្នុង​ស្នូល​ដែល​ដាក់​លើ​បង្គោល​ទួ​រ​ប៊ី​ន​កម្ពស់ 152 ម៉ែត្រ មាន​ទម្ងន់ 385 តោន។ ស្លាប​កង្ហារនីមួយៗមាន​ប្រវែង 123 ម៉ែត្រ និង​ទម្ងន់ 54 តោន។

នៅពេល​វិល​បាន​មួយ​ជុំ ស្លាប​កង្ហារ​បក់​ក្នុង​ទំហំ​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ស្មើនឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7 បូក​ចូលគ្នា និង​បញ្ចូល​អគ្គិសនី 34.2 គីឡូវ៉ាត់ម៉ោង​ទៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ចិន។ ជា​រៀងរាល់ឆ្នាំ ទួ​រ​ប៊ី​ន​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ប្រហែល 66 ជី​ហ្គា​វ៉ា​ត់​ម៉ោង។

ទួ​រ​ប៊ី​ន​ខ្យល់​សម្រាប់​ដាក់​លើ​សមុទ្រ​នឹងមាន​ទំហំ​ធំ​ជាង​នេះ នាពេលខាងមុខ។ ក្រុមហ៊ុន​សាងសង់​កប៉ាល់​ចិន ធ្លាប់​ផលិត​ទួ​រ​ប៊ី​ន​ខ្យល់ 18 MW កាលពី​ខែមករា ឆ្នាំ 2023 ហើយ​បន្ទាប់មកទៀត នឹង​ជា​កំណែ 20 ម៉េ​ហ្គា​វ៉ា​ត់៕

Advertisement