ទួ​រ​ប៊ី​ន​ខ្យល់​កម្លាំង 15 MW នៅលើ​សមុទ្រ ផ្លាស់​ទី​ទៅរក​ខ្យល់​ដោយ​ស្វ័យប្រវត្ត

ទួ​រ​ប៊ី​ន​ខ្យល់​របស់ X1 Wind មាន​ទម្រ​ដែលមាន​រូបរាង​ដូច​សជី ឬ​ពីរ៉ាមីត តូច​លើ​ធំ​ក្រោម អម​នឹង​ប្រព័ន្ធ​ពោង​អណ្ដែត​លើទឹក អនុញ្ញាតឱ្យ​វា​ផ្លាស់​ទី​ទៅកាន់​កន្លែង​មាន​ខ្យល់​បក់ ដូច្នេះ​វា​អាច​ផលិត​អគ្គិសនី​ស្ទើរតែ​មិន​ឈប់ឈរ។

ទម្រ​ទួ​រ​ប៊ី​ន​ខ្យល់ X1 Wind បំពាក់​បច្ចេកវិទ្យា PivotBuoy ដែល​ក្នុងនោះ គ្រឹះ​របស់​វា​​ត​ភ្ជាប់​ជាមួយនឹង​ទីតាំង​មួយ​ដែល​អនុញ្ញាតឱ្យ​ទម្រ​ផ្លាស់​ទី​ទៅតាម​ទិស​របស់​ខ្យល់។ ប្រព័ន្ធ​នេះ​ដំណើរការ​បានល្អ​បំផុត​នៅពេល​វា​បែរខ្នង​ដាក់​ខ្យល់​ដែល​បក់​មកពី​ខាងក្រោយ។ ប្រភេទ​ទួ​រ​ប៊ី​ន​ខ្យល់​នេះ​ជួយ​ឱ្យ​វា​មិន​ប្រឈម​នឹង​ការប៉ះទង្គិច​រវាង​ស្លាប​កង្ហារ និង​ដងខ្លួន ព្រមទាំង​កាត់បន្ថយ​ការចំណាយ​ក្នុង​ការផលិត និង​ដំឡើង ក៏ដូចជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការផលិត​អគ្គិសនី។

កំណែ​ដំបូង​របស់ X1 Wind មាន​ឈ្មោះថា X30 ដែល​ត្រូវបាន​ដាក់ពង្រាយ និង​ធ្វើតេស្ត​នៅ​ប្រជុំ​កោះ Canary ប្រទេស​អេ​ស្ប៉ា​ញ។ គម្រោង​ខាងលើ​បានចាប់ផ្ដើម​តាំងពី​ខែមេសា​ឆ្នាំ 2019 ហើយ​ដំណើរ​ការផលិត​សម្រេចបាន​កាលពី​ខែវិច្ឆិកា​ឆ្នាំ 2020 ខណៈដែល​​ការសាកល្បង​ប្រព័ន្ធ​អម និង​ការដំឡើង​គ្រឹះ និង​ខ្សែកាប ត្រូវបាន​ធ្វើឡើង​រួចរាល់​កាលពី​ពាក់កណ្ដាល​ឆ្នាំ 2022។

តាម​ផែនការ គម្រោង​ពាណិជ្ជកម្ម​របស់ X1 Wind នឹងត្រូវ​បានធ្វើ​ឡើង​នៅ​លើ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​របស់​បារាំង នៅ​ឆ្នាំ 2025។ នេះ​បើយោង​​តាម​ទំព័រ Design Boom។

Advertisement