រូប​ភាព​ Elon Musk ​កាន់​ដៃ​ម្ចាស់ Facebook រត់​លើ​ឆ្នេរ​សមុទ្រ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចូល​ចិត្ត

មហាសេដ្ឋី​អាម៉េរិក លោក Elon Musk បង្ហាញ​ការពេញចិត្ត​នឹង​រូបថត​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​លោក​កាន់​ដៃ​មហាសេដ្ឋី Mark Zuckerberg ដែល​គូរ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត នៅពេលដែល​រឿង​រ៉ាវ​​បបួលគ្នា​ឡើង​សង្វៀន​ប្រកួត​កំពុង​ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​ខ្លាំង។

កាលពី​ថ្ងៃទី 14 កក្កដា ជាង​ថតរូប Julian Van Dieken បាន​បង្ហោះ​កម្រង​រូបភាព​បង្ហាញ​ពី​ទិដ្ឋភាព​មហាសេដ្ឋី Elon Musk និង Mark Zuckerberg សប្បាយរីករាយ​ជាមួយគ្នា​នៅលើ​ឆ្នេរសមុទ្រ។ Julian Van Dieken ឱ្យដឹងថា រូបភាព​នេះ​គឺជា​ការរួម​ផ្សំ​​ដោយ​ការ​ប្រើ​ប្រាស់​​​ឧបករណ៍ AI ឈ្មោះ Midjourney, Insight, Adobe Firefly, Photoshop, Dazz Cam និង FaceApp។ នៅក្នុង​ការ​ស្រមៃ​របស់ AI ជំនួស​ឱ្យ​ការបញ្ចប់​ការប្រកួត​នៅលើ​សង្វៀន​ប្រដាល់ មហាសេដ្ឋី​ទាំងពីរ​រូបនេះ​បែរជា​សប្បាយរីករាយ ចាប់​កាន់​ដៃ​គ្នា​រត់​លេង​លើ​ឆ្នេរសមុទ្រ​ដូច​គូសង្សារ។

មួយថ្ងៃ​ក្រោយមក គណនី Sir Doge of the coin បាន​បង្ហោះ​រូបភាព​ទាំងនេះ​ជាថ្មី​នៅលើ Twitter ហើយក៏​ទាក់ទាញ​អ្នក​ចូលចិត្ត​ជាង 142 ពាន់​លើក, មតិ​ជាង 5 ពាន់​លើក និង​ចែករំលែក​​បន្ត​ជាង 17 ពាន់​លើក។ បច្ចុប្បន្ន កម្រង​រូប​ថត​ខាងលើ​របស់​គណនី​នេះ​ មាន​អ្នក​ចូល​មើល​ប្រមាណ 8 លាន​​លើក​។​

ថ្ងៃទី 16 កក្កដា លោក Elon Musk ក៏បាន​បញ្ចេញមតិ​ជា​រូប​សើ​ច​ចេញ​ទឹកភ្នែក ទាក់ទាញ​អ្នក​ចូលចិត្ត​​បាន​ជិត 13 ពាន់​លើក។ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​យល់ថា នេះ​នឹង​ជាការ​បញ្ចប់​ដ៏​សម​ហេតុផល​សម្រាប់​ការប្រកួត​របស់​មហាសេដ្ឋី​ទាំងពីរ​រូបនេះ។

ការ​ភ្នាល់​ប្រកួត​វាយ​គ្នា​លើស​ង្វៀង​ប្រដាល់​​រវាង​ម្ចាស់ Twitter និង​ម្ចាស់ Facebook កើតឡើង​ដោយ​វិធី​ចម្លែក​ខុសគេ។ រឿងរ៉ាវ​ចាប់ផ្ដើម​ពី​ពេល​លោក Musk និយាយ​លេង​កាលពី​ថ្ងៃទី 21 មិថុនា​ថា លោក​នឹង​ទទួល​ការប្រកួត​ក្នុង​ទ្រុង​ជាមួយ​ម្ចាស់ Facebook។ មួយថ្ងៃ​ក្រោយមក CEO របស់ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook ក៏បាន​បង្ហោះ​សារ​លើ Instagram ថា «បញ្ជូន​ទីតាំង​មកឱ្យ​ខ្ញុំ» ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ថា Zuckerberg បានទទួល​យក​ការ​បបួល​ប្រកួត។

ក្នុង​រយៈពេល​ច្រើន​ថ្ងៃក្រោយ​មកទៀត ព័ត៌មាន​ស្ដីពី​ការប្រកួត​លើស​ង្វៀន​រវាង​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង និង​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​ជ្វី​ប ក៏​ចាប់ផ្ដើម​លេច​ឡើងជា​បន្តបន្ទាប់ ហើយ​នេះ​ក៏​ជា​ព្រឹត្តិការណ៍​ដែល​មនុស្ស​ជាច្រើន​កំពុង​ទន្ទឹងរង់ចាំ៕

Advertisement