យានអវកាស​បី​គ្រឿង​របស់​អាម៉េរិក​ដែល​នឹងត្រូវ​ដឹក​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

យានអវកាស Orion ចំនួន 3 គ្រឿងដែលនឹងត្រូវប្រើប្រាស់ក្នុងបេសកកម្មឋានព្រះចន្ទ Artemis II, III និង IV (រាប់ពីឆ្វេងទៅស្ដាំ)

ក្រុមហ៊ុន​ការពារជាតិ​សហរដ្ឋ​អាម៉េរិក Lockheed Martin កាលពី​ថ្ងៃទី 14 កក្កដា បានបង្ហាញ​រូបថត​យានអវកាស Orion 3 គ្រឿង​ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​បេសកកម្ម​ឋាន​ព្រះ​ចន្ទ Artemis II, III និង IV។

«អនាគត​របស់​យាន Orion ទំនងជា​ល្អ​ខ្លាំងណាស់។ ម៉ូឌុល​ទាំងឡាយ​ដែល​នឹង​ដឹក​មនុស្ស​ក្នុង​បេសកកម្ម Artemis II, Artemis III និង Artemis IV កំពុង​ឆ្លងកាត់​ដំណាក់កាល​ផលិតខុសៗគ្នា​នៅក្នុង​មជ្ឈមណ្ឌល​អវកាស Kennedy របស់​អង្គការ​ណា​សា ដើម្បី​ត្រៀម​សម្រាប់​ការនាំ​អវកាស​ចរ​ត្រលប់​ទៅកាន់​ឋាន​ព្រះ​ចន្ទ» Lockheed Martin សរសេរ​នៅលើ Twitter កាលពី​ថ្ងៃទី 14 កក្កដា​ដូច្នេះ អម​នឹង​រូបថត​របស់​យានអវកាស Orion។ យាន​ទាំងនេះ​កំពុង​ត្រូវបាន​អភិវឌ្ឍ​ក្រោម​ការគ្រប់គ្រង​របស់ Lockheed Martin។

ក្នុង​បេសកកម្ម Artemis II យានអវកាស Orion គ្រោង​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 11 កុម្ភៈ ឆ្នាំ 2024 នាំយក​អ្នក​អវកាស 4 នាក់​ទៅជា​មួយ រួមមាន 3 នាក់​មកពីណា​សា​របស់​សហរដ្ឋ​អាម៉េរិក និង​ម្នាក់​មកពី​អង្គការ​អវកាស​កាណាដា។ ចំណែក​ក្រុម​អវកាស​ចរ​ដែល​នឹងចូលរួម​ក្នុង​បេសកកម្ម Artemis III និង Artemis IV មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។ តាម​ផែនការ Artemis II នឹងត្រូវ​បាន​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ 2025 ឬ 2026 អាស្រ័យទៅលើ​យាន Starship របស់ SpaceX។ Artemis IV គ្រោង​នឹង​បាញ់​បង្ហោះ​នៅ​ចុង​ទសវត្សរ៍​នេះ។

នៅក្នុង​រូបថត​ខាងលើ ពុំមាន​យានអវកាស Orion របស់ Artemis I ជា​យាន​ដែល​បាន​បំពេញបេសកកម្ម​ឡើងទៅ​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាលពី​ចុង​ឆ្នាំមុន។ ក្នុង​រូបថត​នេះ​ក៏​មិនមាន​យាន Orion ដែល​ត្រូវបាន​ផលិត​ដំបូង និង​ជា​យាន​ដែល​បាន​ហោះ​ជុំវិញ​ផែនដី​កាលពី​ឆ្នាំ 2014 នៅក្នុង​ជើងហោះហើរ​សាកល្បង។

ណា​សាបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេស​ចំនួន 26 ដើម្បី​បង្កើត​គោលការណ៍​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​ប្រកបដោយ​សន្តិភាព។ អង្គការ​អវកាស​អឺរ៉ុប និង​កាណាដា​សុទ្ធតែ​បាន​សន្យា​ផ្គត់ផ្គង់​ផ្នែក​រឹង​សម្រាប់ Artemis និង​ Gateway ជា​ស្ថានីយ​អវកាស​ហោះ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​ដែល​គ្រោង​នឹងត្រូវ​បាញ់​បង្ហោះ​ក្នុង​ទសវត្សរ៍​នេះ៕

Advertisement