Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

លោក Elon Musk

xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។

យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។

លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។

តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។

គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម Twitter, ទីភ្នាក់ងារ​អវកាស SpaceX, ក្រុមហ៊ុន​សាងសង់​ផ្លូវ​ក្រោម​ដី និង​ហេដ្ឋារចនាសម្ព័ន្ធ រួម​នឹង​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink៕

Advertisement