ម៉ូតូអគ្គិសនី​ថ្មី​របស់​ BMW មាន​តម្លៃ​ប្រហែល 31 លានរៀល​/គ្រឿង

ម៉ូតូអគ្គិសនីថ្មី BMW CE 02

កាល​ពី​ជិត​ពីរ​ឆ្នាំ​មុន BMW បាន​បង្ហាញ​ម៉ូតូ​អគ្គិសនី​ធុន​ស្រាល​ដែល​មាន​ឈ្មោះ​ថា CE 02 ហើយ​ពេល​នេះ​ BMW 02 ​បាន​បង្ហាញ​ខ្លួន​​​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​ម៉ូតូ​អគ្គិសនី​ថ្មី​បំផុត​របស់​យីហោ​នេះ​។

BMW និយាយ​ថា «នេះ​គឺជា​ម៉ូតូ​សម្រាប់​ជិះ​ក្នុង​ទីក្រុង​ដែល​មមា​ញឹក និង​ផ្ដោត​លើ​អតិថិជន​​ជា​យុវវ័យ​»។ ម៉ូតូ​នេះ​មាន​ល្បឿន​អតិបរមា 95 គីឡូម៉ែត្រ​/ម៉ោង​ គ្រប់គ្រាន់​សម្រាប់​ការ​បើក​បរ​ក្នុង​ទីក្រុង ប៉ុន្តែ​មិន​អាច​បើក​បរ​លើ​ផ្លូវ​ល្បឿន​លឿន​។

នៅ​សហរដ្ឋ​អាម៉េរិក BMW CE 02 មាន​តម្លៃ​ចាប់​ពី 7,599 ដុល្លារ​ ប្រហែល​នឹង 31,000,000 រៀល​ក្នុង​មួយ​គ្រឿង​។ នេះ​ក៏​ជា​ម៉ូតូ​អគ្គីសនី​​​តម្លៃ​ទាប​បំផុត​​ដំបូង​បង្អស់​របស់​ BMW គិត​មក​ដល់​បច្ចុប្បន្ន។

ថ្ម​ប្រភេទ​ lithium-ion ចំនួន​ពីរ​គ្រាប់​ កម្លាំង​ 1.97 គីឡូវ៉ាត់​ម៉ោង ដែល​អាច​ដោះ​ចេញ​បាន​ អាច​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ម៉ូទ័រ​អគ្គិសនី​កម្លាំង 15 សេះ​ និង​កម្លាំង​បង្វិល​កង់​ 55Nm។ ប្រព័ន្ធ​ទាំង​នេះ​អនុញ្ញាត​ឱ្យ​ម៉ូតូ​ទម្ងន់ 132 គីឡូក្រាម​បង្កើន​ល្បឿន​ពី​ 0 ទៅ 48 គីឡូម៉ែត្រ​/ម៉ោង​ដោយ​ប្រើពេល 3 វិនាទី​ មុនពេល​មាន​ល្បឿន​ដល់ 95 គីឡូម៉ែត្រ​/ម៉ោង​។

BMW CE 02 អាច​ធ្វើ​ដំណើរ​បាន​ 90 គីឡូម៉ែត្រ​ បន្ទាប់​ពី​បញ្ចូល​ថាមពល​មួយ​ពេញ​ ស្រប​ទៅ​តាម​ស្ដង់ដា WMTC។ ម៉ូតូ​នេះផ្ដល់​ជម្រើស​ពីរ​ក្នុង​ការ​​បញ្ចូល​ថាមពល​អគ្គិសនី​ រួម​មាន​​ប្រភេទ​ 0.9 ឬ 1.5 គីឡូវ៉ាត់​។ ប្រភេទ​ 0.9 គីឡូវ៉ាត់​អាច​បញ្ចូល​អគ្គិសនី​ពី 20% ឡើង​ដល់ 80% ក្នុង​រយៈ​ពេល​ 170 នាទី ប៉ុន្តែ​ការ​បញ្ចូល​ពី 0 ឱ្យ​ឡើង​ដល់ 100% នឹង​ត្រូវ​​ចំណាយ​ពេល​ 5.5 ម៉ោង​។

ជម្រើស​ប្រភេទ Highline អាច​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​បញ្ចូល​អគ្គិសនី​​ពី 20 ដល់ 80% មក​នៅ​ត្រឹម 140 នាទី។ ចំណែកការ​​បញ្ចូល​ពី 0 ឱ្យ​ដល់ 100% គឺ​ត្រូវ​ចំណាយ​ពេល 290 នាទី​ លឿន​ជាង 40 នាទី ធៀប​នឹង​ប្រភេទ​​ស្ដង់ដា៕

Advertisement