យន្តហោះ​​លឿន​ជាង​សំឡេងជំនាន់​ថ្មី​​របស់​ណា​សា​ ត្រៀម​ធ្វើ​តេស្ត​ដំបូង

យន្តហោះ X-59 របស់​ណា​សា

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ជំនាន់​ថ្មី​របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) បានចាប់ផ្ដើម​ត្រៀមខ្លួន​សម្រាប់​ការហោះហើរ​លើកដំបូង។

តាំងពី​ឆ្នាំ 2018 គម្រោង​យន្តហោះ X-59 របស់​ណា​សា ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​សហគមន៍​អ្នកសារព័ត៌មាន ហើយ​វា​ក៏បាន និង​កំពុង​រុញច្រាន​វិស័យ​ទេសចរណ៍​ល្បឿន​លឿន​ជាង​សំឡេង​ឱ្យខិត​ចូល​ជិត​ដល់​ភាពជាក់ស្ដែង។

ថ្មីៗនេះ ណា​សាបាន​ឱ្យដឹងថា កាលពី​ថ្ងៃទី 19 មិថុនា យន្តហោះ X-59 ត្រូវបាន​នាំ​ពី​រោងចក្រ​ដំឡើង​របស់ Lockheed Martin ទៅកាន់​ព្រលានយន្តហោះ។ ក្រោយមក យន្តហោះ​នេះ​នឹងត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​នៅលើ​ដី​ដើម្បី​ធានាថា បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​បេសកកម្ម​ហោះហើរ​នាពេលខាងមុខ។

គោលដៅ​របស់​ណា​សា គឺ​ការ​បញ្ជាក់ថា យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ពួកគេ​អាច​ហោះ​បាន​លឿន​ជាងល្បឿន​របស់​​សំឡេង ប៉ុន្តែ​មិន​លាន់ឮ​ខ្លាំង​ដូច​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដទៃទៀត។

យន្តហោះ X-59 របស់​ណា​សា ដែល​មាន​បណ្ដោយ 30 ម៉ែត្រ ​ទទឹង 9 ម៉ែត្រ និង​​បំពាក់​ម៉ាស៊ីន​ប្រតិកម្ម​តែមួយគត់ ត្រូវបាន​រចនា​ឡើង​ដោយ General Electric Aviation ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ General Electric។

យន្តហោះ X-59 របស់​ណា​សា

យន្តហោះ​នេះ​ត្រូវបាន​ផលិតឡើង​ដើម្បី​អាច​ហោះ​ក្នុង​ល្បឿន Mach 1.4 ឬ 1,488 គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះ​ដល់​កម្ពស់ 16,764 ម៉ែត្រ។ នៅពេល​បញ្ឆេះ​ម៉ាស៊ីន X-59 នឹង​បង្កើតជា​សំឡេង​មួយ​ដ៏​តូច ដែល​ប្រហាក់ប្រហែល​នឹង​សំឡេង​បិទទ្វារ​ឡាន ចំពោះ​អ្នក​ដែល​ស្ដាប់​នៅ​លើ​ដី។ ចំណែក​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដទៃ​អាចធ្វើឱ្យ​បែក​កញ្ចក់​បង្អួច នៅពេល​វា​ហោះ​ឆ្លងកាត់។

ណា​សា​សង្ឃឹមថា បច្ចេកវិទ្យា​ខាងលើនេះ អាចឱ្យ​ពួកគេ​បញ្ចុះបញ្ចូល​​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ អនុញ្ញាតឱ្យ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង X-59 ​ហោះហើរ​​​ពីលើ​តំបន់​ដែលមាន​មនុស្ស​រស់នៅ។

បើសិនជា​ការធ្វើ​តេស្ត​នានា​ទទួលបាន​ជោគជ័យ នោះ X-59 អាច​ក្លាយជា​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដំបូង​គេ​ដែល​ដឹក​អ្នកដំណើរ​នៅ​ទូទាំង​ពិភពលោក៕

Advertisement