AI នឹង «លុបបំបាត់» ការងារ​របស់​អ្នកសរសេរ​កម្មវិធី​នៅ​ប្រាំ​ឆ្នាំ​ខាងមុខ​?

Emad Mostaque ដែលជា CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Stability AI យល់ថា នៅ​ប្រាំ​ឆ្នាំ​ខាងមុខ AI (បញ្ញា​សិប្បនិម្មិត) នឹង​ដណ្ដើម​ការងារ​ទាំងអស់​របស់​អ្នកសរសេរ​កូដ​កម្មវិធី ហើយ​បង្កើតបានជា​បដិវត្តន៍​ផ្នែក​ទំនាក់ទំនង។

នៅក្នុង​កិច្ច​សម្ភាស​លើ​ទំព័រ Mindsets Podcast លោក Emad Mostaque សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Stability AI បាន​វាយតម្លៃ​ប្រកបដោយ​ភាពអវិជ្ជមាន​ទាក់ទិន​នឹង​អនាគត​របស់​អ្នកសរសេរ​កម្មវិធី ដោយសារតែ​ឥទ្ធិពល​របស់ AI។

ដើម្បី​បន្ថែម​ពីលើ​ការអះអាង​ដែលថា «ប្រាំ​ឆ្នាំ​ទៀត​នឹង​មិនមាន​អ្នកសរសេរ​កូដ​ណា​ម្នាក់​ជាម​នុស្ស» លោក Mostaque បាន​លើកយក​របាយការណ៍រ​បស់ GitHub ដែល​បញ្ជាក់ថា ក្នុងចំណោម​កូដ​ដែល​ត្រូវបាន​ក្រុម​អ្នកសរសេរ​​កម្មវិធី​​ដាក់ចូល​ក្នុង​ថ្នាល​បច្ចេកវិទ្យា​មួយ​នេះ ​គឺមាន 41% ជា​កូដ​ដែល​ត្រូវបាន​សរសេរ​ដោយ​បញ្ញា​សិប្បនិម្មិត។

«ក្នុង​បី​ខែ​កន្លង Stability AI បាន​យកឈ្នះ​លើ Bitcoin និង Ethereum នៅលើ GitHub ដោយ​ក្លាយជា Open Source ដែល​ពេញនិយម​ជាងគេ​លើ​ពិភពលោក។ ប្រការនេះ​បានបង្ហាញ​អំពី​ភាព​ទាក់ទាញ​ដ៏​ខ្លាំងក្លា​របស់ AI…» លោក Mostaque ថ្លែង​ដូច្នេះ។

នៅលើ​បណ្ដាញ​សង្គម​អន្តរជាតិ មាន​មនុស្ស​ជាច្រើន​បានដាក់​ជា​សំណួរ​ថា «តើ AI អាច​ដណ្ដើម​ការងារ​ពី​អ្នកសរសេរ​កូដកម្ម​វិធី ឬ​អត់?»។ ចំណែក​មនុស្ស​ជាច្រើន​ផ្សេងទៀត​ក៏​និយាយថា «ដំណាក់កាល​ដ៏​អស្ចារ្យ​របស់​អ្នកសរសេរ​កូដកម្ម​វិធី​ត្រូវបាន​បញ្ចប់​ហើយ»។

Emad Mostaque ជា CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Stability AI

អ្នកសរសេរ​កូដកម្ម​វិធី​មួយរូប​របស់​ក្រុមហ៊ុន Microsoft សរសេរថា «ការងារ​ជា​វិស្វករ​ផ្នែក​ទន់​កំពុងតែ​ស្លាប់​បន្តិច​ម្ដងៗ​។ ChatGPT ឆ្លាត​ខ្លាំងណាស់ ហើយ​គ្រប់គ្នា​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​លំបាក»។

មនុស្ស​ម្នាក់​ក៏បាន​បង្កើត​បញ្ជី​​ស្រង់​មតិ​នៅលើ Blind ដោយ​ដាក់​ជា​សំណួរ​ថា «តើ​វិស្វករ​ផ្នែក​ទន់​វ័យក្មេង​ជិត​បាត់បង់​ការងារ​មែន ឬទេ?» ហើយ​ក៏​​ទទួលបាន​ការជ្រើសរើស​ចំនួន 12,000 លើក។ ក្នុងនោះ​មាន 41.3% យល់ស្រប ខណៈ 37% យល់ថា «ការងារ​នៅតែ​មិន​ផ្លាស់ប្ដូរ» និង 21.7% អះអាងថា «បច្ចុប្បន្ន​មាន​ការងារ​ដែលមាន​ស​ក្ដា​នុព​ល​ច្រើនជាង​មុន»៕

Advertisement