ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕

Advertisement