ចិន​​ដំឡើង​ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ទួ​រ​ប៊ី​ន​ខ្យល់​ (Wind Turbine) សម្រាប់​ដំឡើង​លើ​សមុទ្រ​កម្លាំង 16 មេ​ហ្គា​វ៉ា​ត់ មានស្លាប់​ដែល​មាន​​អង្កត់ផ្ចិត​ប្រវែង 252 ម៉ែត្រ និងវិល​ក្នុង​​ផ្ទៃក្រឡា​​ 50,000 ម៉ែត្រការ៉េ អាច​ផ្ដល់​អគ្គិសនី​សម្រាប់​តម្រូវការរបស់​​គ្រួសារ​ប្រមាណ 36,000 គ្រួ។

ផ្នែកនីមួយៗរបស់​ទួ​រ​ប៊ី​ន​កម្លាំង 16 មេ​ហ្គា​វ៉ា​ត់​នេះ​សុទ្ធតែជា​ប្រភេទ​ធំជាងគេ​បង្អស់​លើ​ពិភពលោក និង​ត្រូវបាន​លើកដាក់​លើ​ប៉ាល់​នៅ​ខេត្ត Fujian ប្រទេស​ចិន កាលពី​ថ្ងៃទី 17 មិថុនា។ ទួរប៊ីន​ខ្យល់​នេះ​​ស្ថិតក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ប្ដូរ​ទៅរក​ថាមពល​ស្អាត​របស់​ប្រទេស​ចិន។

ដោយ​ស្លាប​កង្ហារ​មាន​អង្កត់ផ្ចិត​ប្រវែង 252 ម៉ែត្រ ទួ​រ​ប៊ី​ន​នេះ​បក់​ខ្យល់​ក្នុង​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7។ ក្នុងស្ថានភាព​មាន​ខ្យល់​ខ្លាំង ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន 34.2 គីឡូវ៉ាត់ម៉ោង​បន្ទាប់ពី​ស្លាប​កង្ហារ​​វិល​បាន​មួយ​ជុំ។ ជា​មធ្យម​ក្នុង​មួយឆ្នាំ ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់ម៉ោង អាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​គ្រួសារ​ចំនួន 36,000 គ្រួ ជួយ​សន្សំសំច័យ​ធ្យូងថ្ម​បាន 22,000 តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូន​ឌី​អុក​ស៊ីដ​​ចំនួន 54,000 តោន។

ការ​ត្រៀម​សម្រាប់​ដឹក​ និង​ដំឡើង​ទួរប៊ីន​ខ្យល់​របស់​ក្រុម​ហ៊ុន Three Gorges Fujian

Sheng Lei អគ្គនាយករង​របស់​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់ឧស្សាហកម្ម​អន្តរជាតិ​ផលិត​អគ្គិសនី​ពី​ខ្យល់​លើ​សមុទ្រ Three Gorges Fujian (Fujian Three Gorges Offshore Wind Power International Industrial Park Operations) ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​រៀប​គម្រោង​ដឹកជញ្ជូន និង​គម្រោង​បន្ទាន់ពេល​មាន​បញ្ហា​អាកាសធាតុ​រួចរាល់​ហើយ មុននឹង​ដឹក​គ្រឿង​ទួ​រ​ប៊ី​ន​ទៅកាន់​គោលដៅ។

ក្រោយពី​ត្រូវបាន​ដំឡើង និង​ដំណើរការ​នៅលើ​សមុទ្រ នេះ​នឹង​ជា​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក។ គ្រឿង​បង្គុំ​របស់​ទួ​រ​ប៊ី​ន​នេះ​សុទ្ធតែ​ត្រូវបាន​អភិវឌ្ឍ​ក្នុងស្រុក។ វា​ក៏​បំពាក់​មុខងារ​ឆ្លាត​វៃ​ជាច្រើន​ដើម្បី​ដំណើរការ​ឱ្យបាន​សមស្រប​បំផុត។

គិត​ត្រឹម​ចុងខែ​មេសា 2023 ប្រទេស​ចិន​បាន​ដំឡើង​បណ្ដាញ​ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​កម្លាំង​ផលិត​អគ្គិសនី​សរុប 380 លាន​គីឡូវ៉ាត់៕

Advertisement