សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង «ផ្ទុះ​ការនិយម» នៅ​សហរដ្ឋ​អាម៉េរិក

ការកែច្នៃ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​នៅ​សហរដ្ឋ​អាម៉េរិក ខណៈ​យានដ្ឋាន​នានា​​នាំគ្នា​ផ្ដល់​សេវា​កម្មនេះ​កាន់តែច្រើន។

ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ចំពោះ​រថយន្ត​អគ្គិសនី​កំពុងតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត នៅពេល​ចំនួន​រថយន្ត​អគ្គិសនី​ថ្មី​ត្រូវបាន​លក់​ចេញ កើន 55% នៅ​ឆ្នាំ 2022 ធៀប​នឹង​ឆ្នាំ 2021។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរ​ជាតិ (IEA)។ ប៉ុន្តែ រថយន្ត​សាំង​ក៏​នៅតែ​គ្រប់គ្រង​ទីផ្សារ​រថយន្ត​ទាំងមូល ហើយ​ប្រការនេះ​អាច​នៅតែ​កើតឡើង​ក្នុង​អនាគត​ខ្លី​ខាងមុខ។

ក្នុង​កាលៈទេសៈ​នេះ វិស័យ​ឧស្សាហកម្ម​ថ្មី​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន។ មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុងតែ​រីក​មាឌ។

Michael Bream ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​យានដ្ឋានរ​ថ​យន្ត​អគ្គិសនី EV West នៅ California សហរដ្ឋ​អាម៉េរិក គឺជា​មួយ​ក្នុងចំណោម​យានដ្ឋាន​នាំមុខគេ​នៅក្នុង​ការផ្ដល់​សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី។ យានដ្ឋាន​នេះ​កំពុងតែ​មមាញឹក​ខ្លាំង ហើយ​អតិថិជន​ខ្លះ​​ត្រូវ​រង់ចាំ​រហូតដល់​ទៅ 4 ឬ 5 ឆ្នាំ ​ទើប​ដល់​វេន​ទទួល​សេវា​កម្មនេះ។

EV West ផ្ដល់​សេវាកម្ម​ប្ដូរ​ម៉ាស៊ីន​ចំហេះ​ក្នុង​ទៅជា​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង​រហូតដល់ 550 សេះ។ EV West ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​​របស់ Tesla។ យោងតាម​អ្នកជំនាញ ការចំណាយ​ជា​មធ្យម​លើ​ការប្ដូរ​ម៉ាស៊ីន​នេះ​គឺ​ប្រហែល​ពី 7,000 ទៅ 9,000 ដុល្លារ​អាម៉េរិក/រថយន្ត​មួយ​គ្រឿង។ យានដ្ឋាន​របស់ Bream ទទួល​ប្ដូរ​ម៉ាស៊ីនរថយន្តថ្លៃៗ និងកម្រៗ ដូច្នេះ តម្លៃ​ក៏​ខ្ពស់ ពោលគឺ​ពី 18,000 ដល់ 30,000 ដុល្លារ​អាម៉េរិក។

នៅ​សហរដ្ឋ​អាម៉េរិក ក្រៅពី​បណ្ដា​យានដ្ឋាន​ជំនាញ គេ​ក៏​ឃើញ​មាន​យានដ្ឋានតូចៗ និង​ក្រុម​ជាង​ច្នៃប្រឌិត​ជាច្រើន នាំគ្នា​ចូលរួម​រកស៊ី​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្មី​នេះ​ផងដែរ៕

Advertisement