ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

ក្បាលម៉ាស៊ីន​អ៊ីដ្រូសែន​ដំបូង​របស់​ប្រទេស​ចិន Ningdong ដែល​កែច្នៃ​ពី​ម៉ាស៊ីន​ចំហេះ​ក្នុង បាន​ចាក​ចេញពី​រោងចក្រ Datong ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ CRRC កាលពី​ថ្ងៃទី 15 មិថុនា 2023។

សារព័ត៌មាន SCMP បាន​រាយការណ៍​ថា Ningdong ត្រូវបាន​បង្ហាញថា​ជា​ក្បាលម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន​កម្លាំង​ខ្លាំង​បំផុត​លើ​ពិភពលោក ដែលមាន​សក្ដានុពល​ធំធេង​ក្នុង​ការជំនួស​ម៉ាស៊ីន​​រថភ្លើង​ទាំងអស់​ដែល​ដំណើរការ​ដោយ​ប្រេងសាំង​នៅ​ប្រទេស​ចិន​។ វា​អាច​ផ្ទុក​អ៊ីដ្រូសែន​ចំនួន 270 គីឡូក្រាម និង​បើកបរ​បន្តបន្ទាប់​រយៈ​ពេល 190 ម៉ោង។

«អ៊ីដ្រូសែន​គឺជា​ថាមពល​ស្អាត អាច​កកើត​ឡើងវិញ។ ការចំណាយ​លើ​ការប្រើប្រាស់​ក្បាលម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន គឺ​ប្រហាក់ប្រហែល​នឹង ½ នៃ​ការចំណាយ​លើ​ម៉ាស៊ីន​ចំហេះ​ក្នុង» Liang Zhenzhong អគ្គនាយករង​របស់ CRRC Datong បញ្ជាក់​ដូច្នេះ។

ម៉ាស៊ីន​អ៊ីដ្រូសែន​ដំណើរការ​នៅពេល​ឧស្ម័ន​អ៊ីដ្រូសែន​ប្រតិកម្ម​ជាមួយនឹង​អុកស៊ីសែន​នៅក្នុង​ថ្ម​ផ្ទុក​ថាមពល បង្កើតបានជា​អគ្គិសនី និង​ចំហាយ​ទឹក។ អនុផល​របស់​ប្រតិកម្ម​នេះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​​បំ​ភាយ​តែ​កម្ដៅ និង​ទឹក។

រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក​បានធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ 2018 និង​ធ្វើដំណើរ​បាន​ជាង 220,000 គីឡូម៉ែត្រ នៅ 8 ប្រទេស​ក្នុង​ដំ​តន់​អឺរ៉ុប គិត​ត្រឹម​ខែមករា 2023។ នេះ​បើ​យោងតាម​ក្រុម​ផលិត​រថភ្លើង​បារាំង Alstom។

Advertisement