រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

ការចំណាយ​ពេល​យូរ​ក្នុងការ​បញ្ចូល​ថាមពល​ថ្ម​គឺជា​រឿង​ដែល​ត្រូវបាន​រិះគន់​បំផុត​របស់​រថយន្ត​អគ្គិសនី មិន​ថា​ជា​ប្រភេទ​ទំនើប ឬ​តម្លៃ​ថ្លៃ ហើយ​វា​មិនអាច​យកឈ្នះ​លើ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង នាបច្ចុប្បន្ន។ ប៉ុន្តែ ពេលនេះ​មាន​ក្រុមហ៊ុន​មួយ​បានប្រកាស​ព័ត៌មាន​ដ៏​ប្រសើរ​សម្រាប់​រថយន្ត​អគ្គិសនី។

ក្រុមហ៊ុន Nyobolt ដែលជា​អ្នក​អភិវឌ្ឍ​ថ្ម​ផ្ទុក​អគ្គិសនី មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ចក្រភព​អង់គ្លេស បានប្រកាសថា ពួកគេ​មាន​បច្ចេកវិទ្យា​ថ្មី អនុញ្ញាតឱ្យ​បញ្ចូល​ថាមពល​អគ្គិសនី​បាន​រហ័ស​បំផុត។ ក្រុមហ៊ុន​នេះ​កំពុង​ដាក់តាំង​បង្ហាញ​រថយន្ត​ប្រភេទ​កីឡា​គំរូ​មួយគ្រឿង​ដែល​ដំណើរការ​ដោយ​អគ្គិសនី បំពាក់​ថ្ម​ផ្ទុក​ថាមពល​ដែល​អាច​បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល​មិន​ដល់ 6 នាទី។

រថយន្ត​គំរូ​នេះ​មាន​ថ្ម 35 គីឡូ​វ៉ាត​ម៉ោង ដែល​អាចឱ្យ​រត់​បាន​ចម្ងាយ​ប្រហែល 250 គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ នៅពេល​ត្រូវបាន​ដំឡើង​ក្នុង​រថយន្ត coupe កីឡា ដែលមាន​ទម្ងន់​ប្រហែល​ជាង 1,500 គីឡូក្រាម។

Nyobolt ប្រកាសថា ថ្ម​ផ្ទុក​ថាមពល​ថ្មី​របស់​ពួកគេ​ត្រូវបាន​ធ្វើតេស្ត​ដោយ​ការបញ្ចូល​ថាមពល​អគ្គិសនី​ជាង 2,000 លើក និង​ទទួលបាន​លទ្ធផល​ល្អ។

Advertisement