រោង​ចក្រដំបូង​គេ​បង្អស់​នៅ​ក្នុង​ទី​អវកាស​ ចាប់​ផ្ដើម​ដំណើរ​ការ​

(សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុន Varda Space Industries នឹង​ផលិត​ឱសថ​ រួម​នឹង​វត្ថុ​ធាតុ​ផ្សេង​ៗ​ទៀត​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​ តាម​រយៈ​កាប៊ីន​ដែល​ហោះ​អម​នឹង​ផ្កាយ​រណប​។

ក្រុម​ហ៊ុន​ Varda Space Industries នៅ​រដ្ឋ California ប្រកាស​ថា បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ W-Seres 1 ដែល​ជា​ផ្កាយ​រណប​​ដំបូង​របស់​ខ្លួន ឡើង​ទៅ​កាន់គន្លង​គោចរ​ផែនដី​។ ក្រុម​ហ៊ុន​នេះ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​វត្ថុ​ធាតុ​ជា​ច្រើន​នៅ​ក្នុង​ទី​អវកាស​។ វត្ថុ​ធាតុ​ទាំង​នេះ​មិន​អាច​បង្កើត​ឡើង​នៅ​លើ​ផែនដី​ ឬ​អភិវឌ្ឍ​ឆាប់​រហ័ស​ជាមួយ​នឹង​គុណ​ភាព​ខ្ពស់​ជាង​ ធៀប​នឹង​នៅ​ក្នុង​ស្ថានភាព​គ្មាន​ទំនាញ​ផែនដី​។

ផ្ទាំង​សូឡា​របស់​រោង​ចក្រ​ដំបូង​ក្នុង​អវកាស​នេះ​ បាន​បែរ​ទៅ​រក​ព្រះ​អាទិត្យ​ និង​ចាប់​ផ្ដើម​ពន្លាត​ខ្លួន​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​ Varda បន្ទាប់​ពី​ផ្កាយ​រណប​បាន​ហោះ​ចូល​ដល់​គន្លង​គោចរ​ នៅ​ក្នុង​បេសកកម្ម Transporter-8 របស់ SpaceX កាលពី​ថ្ងៃទី 13 មិថុនា​ 2023​។

ផ្កាយ​រណប​ W-Series 1 ត្រូវ​បាន​បំពាក់​កាប៊ីន​​ទម្ងន់​ 90 គីឡូក្រាម ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ស្រាវ​ជ្រាវ​ឱសថ​។ កាប៊ីន​នេះ​នឹង​ផ្ដាច់​ខ្លួន​ មុន​ពេល​ចាប់​ផ្ដើម​ហោះ​ហើរ​ក្នុង​អវកាស​ ប៉ុន្តែ​នៅ​តែ​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​ថាមពល​ កម្លាំង​រុញ​ច្រាន និង​ទំនាក់​ទំនង​ចាំបាច់ដើម្បី​កំណត់​ទិស​។ ក្នុង​ភារកិច្ច​ដំបូង​ បណ្ដាញ​ខាងលើ​​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុម​ហ៊ុន Rocket Lab។ បន្ទាប់​មក ការ​ពិសោធ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រ៉ូបូត​ក្នុង​កាប៊ីន​។

សកម្មភាព​របស់ Varda គឺ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ​ដែល​បញ្ជាក់​ថា ប្រូតេអ៊ីន​ក្នុង​អវកាស​អាច​កកើត​រចនា​សម្ព័ន្ធ​ល្អ​ជាង​ធៀប​នឹង​នៅ​លើ​ផែនដី​ ដោយ​សារ​តែ​បរិស្ថាន​មាន​ និង​គ្មាន​ទំនាញ​ផែនដី​។

បេសកកម្ម​ដំបូង​របស់​ Varda នឹង​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ ritonavir ក្នុង​អវកាស​។ Ritonavir គឺជា​ថ្នាំ​ដែល​តែង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​​ប្រឆាំង​នឹង​ HIV ដែល​ជា​វីរុស​​បង្ក​ឱ្យ​មាន​​​ជំងឺ​អេដស៍​ ប៉ុន្តែ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ វា​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​​កូវីដ-19​។

ក្រោយ​ពី​ការ​ពិសោធ​របស់ Varda បាន​បញ្ចប់ កាប៊ីន​នេះ​នឹង​ត្រូវ​បាន​ផ្កាយរណប​រុញ​ទម្លាក់​មក​កាន់​ផែនដី និង​​ចុះ​ចត​ដោយ​ប្រើ​ប្រាស់​ឆត្រ​យោង​ មុន​ពេល​អ្នក​វិទ្យា​សាស្ត្រ​ប្រមូល​យក​វត្ថុធាតុ​ឱសថ​។

ក្រុម​ហ៊ុន Varda ត្រូវ​បាន​បង្កើត​ឡើង​ដោយអតីត​​វិស្វករ​អេឡិចត្រូនិច​អាកាសចរណ៍​របស់​​ SpaceX លោក Will Bruye និង Delian Asparouhov​។ គោលដៅ​របស់​ពួក​គេ​គឺ​បង្កើត​ផលិត​ផល​នានា​នៅ​​ក្នុង​អវកាស​ ដែល​​រោង​ចក្រ​នៅ​លើ​ផែនដី​មិន​អាច​ ឬ​ពិបាក​ធ្វើ​បាន​ល្អ​៕

Advertisement