លោក Elon Musk ថា «មនុស្ស​បាន​ក្លាយ​ជា​ Cyborg» រួច​ទៅ​ហើយ!

លោក Elon Musk

មហា​សេដ្ឋី​អាម៉េរិក​ លោក Elon Musk យល់​ថា មនុស្ស​កំពុង​តែ​រស់​នៅ​តាម​បែប​ Cyborg (ពាក់​កណ្ដាល​មនុស្ស​ ពាក់​កណ្ដាល​ម៉ាស៊ីន) ព្រោះ​ប្រើ​ប្រាស់ម៉ាស៊ីន​សម្រាប់​ការ​ចង​ចាំ​ព័ត៌មាន​។

កាល​ពី​ថ្ងៃទី 06 មិថុនា Marc Andreessen ដែល​ជា​អ្នក​វិនិយោគ​ម្នាក់​នៅ​ជ្រលង​ភ្នំ​ Silicon បាន​បង្ហោះ​អត្ថបទ​មួយ​និយាយ​ពី AI (បញ្ញា​សិប្បនិម្មិត) នៅ​លើ​ប្លក់​ផ្ទាល់​ខ្លួន​ដែលពិភាក្សា​គ្នា​អំពី​ថា​ តើ​​មនុស្ស​ប្រើ​ប្រាស់​ AI នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​ដល់​កម្រិត​ណា។​ លោក Marc ក៏​ច្រាន​ចោល​គំនិត​ដែល​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ AI។ អ្នក​វិនិយោគ​នេះ​ជឿ​ថា បច្ចេក​វិទ្យា​នេះ​កំពុង​ជួយ​ឱ្យគ្រប់​យ៉ាង​ប្រសើរ​ឡើង​។

កាល​ពី​ថ្ងៃទី 12 មិថុនា មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ក៏​បាន​ឆ្លើយ​តប​នឹង​អត្ថបទ​ខាងលើ​ ដោយ​និយាយ​ថា «ពេល​នេះ យើង​គ្រប់​គ្នាបាន​ក្លាយ​ជា Cyborg រួច​ទៅ​ហើយ​។ ការ​ចង​ចាំ​របស់​យើង​ត្រូវ​បាន​ប្រគល់​ឱ្យ​កុំព្យូទ័រ​។ ពួក​វា​ចង​ចាំ​គ្រប់​យ៉ាង​បាន​ល្អ​ក្នុង​កម្រិត​ខ្ពសខ្លាំង​»។ Cyborg គឺជា​ពាក្យ​ប្រើ​សម្រាប់​ហៅ​សត្វ​មួយ​ប្រភេទ​ដែល​ពាក់​កណ្ដាល​ជា​មនុស្ស និង​ពាក់​កណ្ដាល​ជា​ម៉ាស៊ីន​។

យោង​តាម​លោក Musk​ បញ្ញា​សិប្បនិម្មិត​នៅ​តែ​អាច​បង្ក​ហានិភ័យ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​។ លើ​​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃទី 13 មិថុនា លោក Musk សរសេរ​ថា «តើមនុស្សជាតិ​នៅ​សល់​​ប៉ុន្មាន​ឆ្នាំ​ទៀត​ មុន​នឹង​ត្រូវ​ AI សម្លាប់​?»។

កាល​ពី​ចុង​ខែ​មីនា 2023 លោក Musk រួម​នឹង​បុគ្គល​ល្បី​ឈ្មោះ​​ក្នុង​វិស័យ​បច្ចេកវិទ្យា​​ ជាង 1,000 នាក់ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ដែល​​អំពាវនាវ​សូម​ឱ្យ​​បណ្ដា​ក្រុម​ហ៊ុន ស្ថាប័ន​ទូទាំង​សកល​លោក ផ្អាក​សកម្មភាព​រត់​ប្រណាំង​ផ្នែក​ AI ក្នុង​រយៈ​ពេល 6 ខែ​ដើម្បី​រួម​គ្នា​បង្កើត​គោល​ការណ៍​រួម​ស្ដី​ពី​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត។

ក៏ប៉ុន្តែ សារព័ត៌មាន Business Insider បាន​ផ្សាយ​ថា លោក Musk ក៏​បាន​ទិញ​ GPU 10,000 គ្រឿង​ ដើម្បី​ត្រៀម​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ AI នៅ​លើ Twitter។ ទន្ទឹមនឹង​នេះ ក្រុម​ហ៊ុន Tesla ដែល​លោក Musk ធ្វើ​ជា​ CEO ក៏​កំពុង​អភិវឌ្ឍ​រ៉ូបូត​រាង​មនុស្ស​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះថា Optimus ដោយ​រំពឹង​ថា​នឹង​អាច​ប្រើ​ប្រាស់ជាក់​ស្ដែង​​បាន​នៅ​ក្នុង​វិស័យ​ AI។ លោក Musk ក៏​បាន​ព្យាករ​ដែរថា ចុង​ក្រោយ​ រ៉ូបូត​នឹង​មាន​ចំនួន​ច្រើន​ជាង​មនុស្ស​លោក​៕

Advertisement