នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

(ន័​រ​វែ​ស) – ក្រុមហ៊ុន Hurtigruten បង្ហាញ​នាវា​អគ្គិសនី​ដឹក​អ្នកដំណើរ​មាន​ក្ដោង​សូ​ឡា​ដែល​អាច​បង្រួម​បាន និង​គ្រោង​ដាក់​ដំណើរការ​នៅ​ឆ្នាំ 2030។

ក្រុមហ៊ុន​ខាងលើ បច្ចុប្បន្ន​មាន​ក្រុម​នាវា​ចំនួន 8 គ្រឿង ក្នុងនោះ មួយគ្រឿងៗអាច​ដឹក​អ្នកដំណើរ​បាន 500 នាក់ ដែល​ផ្លាស់​ទី​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ន័​រ​វែ​ស ចាប់ពី Oslo ដល់​តំបន់​ប៉ូល​ខាងជើង។

គម្រោង​មាន​ឈ្មោះថា «Sea Zero» ដែល​ត្រូវ​បានប្រកាស​លើកដំបូង​កាលពី​ឆ្នាំ 2022 ត្រូវបាន​រំពឹងថា អាចរួមចំណែក​ក្នុងការ​បំផុសគំនិត និង​ជំរុញឱ្យមាន​យានយន្ត​មិន​បំ​ភាយ​ឧស្ម័ន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​ទាំងមូល។

នាវា​ដឹក​អ្នកដំណើរ​របស់ Hurtigruten នឹង​ដំណើរការ​ដោយ​ថ្ម 60 មេ​ហ្គា​វ៉ា​ត់ អាច​បញ្ចូល​ថាមពល​ស្អាត​នៅឯ​កំពង់ផែ ដោយសារ​ថាមពល​មិន​បំ​ភាយ​ឧស្ម័ន​នេះ​កំពុង​គ្របដណ្ដប់ 98% នៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ន័​រ​វែ​ស។

ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា ថ្ម​ផ្ទុក​អគ្គិសនី​របស់​នាវា​នេះ​អាចឱ្យ​ធ្វើដំណើរ​បាន​ពី 555 ដល់ 648 គីឡូម៉ែត្រ គ្រា​ដែល​ក្ដោង​របស់​វា​បំពាក់​ផ្ទាំង​សូ​ឡា​សរុប 1,500 ម៉ែត្រក្រឡា ក៏​អាចជួយ​បន្ថែម​អគ្គិសនី​បាន​ច្រើន​ដល់​នាវា។

យោងតាម CNN នាវា​ដែល​នឹងមាន​កាប៊ីន​ចំនួន 270 អាចដាក់​អ្នកដំណើរ​បាន 500 នាក់ និង​ក្រុម​នាវិក 99 នាក់​មួយ​នេះ នឹងត្រូវ​បានចាប់ផ្ដើម​ការផលិត​នៅ​ឆ្នាំ 2027 ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2030៕

 

Advertisement