អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។

ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។

ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។

ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។

ភាគច្រើន អ្នកប្រើប្រាស់ ChatGPT គឺ​ដើម្បី​ស្វែងយល់​ប្រធានបទថ្មីៗ ដូច្នេះ​ការដែល​ថា​ឧបករណ៍​នេះ​អាច​រកប្រាក់​ចំណូល​បាន​គឺ​ពិបាក​កើតឡើង​នាបច្ចុប្បន្ន។ Chatbot AI អាច​រកប្រាក់​បាន​តាម​រយៈ​ការផ្សាយពាណិជ្ជកម្ម លុះណាតែ​អ្នកប្រើប្រាស់​អាចចូល​​ទៅប្រើ​ ChatGPT , Google Bard ជាដើម ដើម្បី​ស្វែងរក​ផលិតផល សេវាកម្ម ការ​ប្រៀបធៀប​តម្លៃ និង​ទិញ​ទំនិញ។

បញ្ញា​សិប្ប​ន្មិ​តអាចជួយ​ឱ្យ​បណ្ដា​ថ្នាល​ពាណិជ្ជកម្ម​ឌីជីថល និង​ទេសចរណ៍​រកប្រាក់​ចំណូល​បាន​ពី​ការលើក​ជាការ​ណែនាំ និង​ជំនួយ​របស់​បច្ចេកវិទ្យា chatbot។ បច្ចុប្បន្ន នៅពេល​ទិញ​ទំនិញ​តាម​អន​ឡាញ អ្នកប្រើប្រាស់​រហូតដល់ 56% ស្វែងយល់​ផលិតផល​តាមរយៈ Google Search បន្ទាប់​មក​គឺ​ YouTube និង Bard។ ចំពោះ​សេវាកម្ម​ទេសចរណ៍​វិញ អ្នកប្រើប្រាស់ 37% ចូលទៅ​កាន់ Google និង 33% ចូលទៅ​កាន់​បណ្ដា​គេហទំព័រ​ដែល​ជំនាញ​ខាង​ទេសចរណ៍។

Morgan Stanley ឱ្យដឹងថា Google នៅតែ​អាចមាន​ប្រៀប​ជាងគេ​នៅក្នុង «សង្គ្រាម» AI នៅពេល​ផ្ដល់​សេវាកម្ម​ស្វែងរក​បែប​បុគ្គល និង​ពេញលេញ​ចំពោះ​វិស័យ​ទេសចរណ៍ តាមរយៈ​​ការ​ប្រើប្រាស់​លទ្ធផល​នៃ​ការស្វែងរក​ដែល​បានលើកឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​ដូចជា Bard នេះ៕

Advertisement