ថាស​ហោះ​ (UFO) អគ្គិសនី​នេះ ​អាច​ហើរ​ក្នុង​ល្បឿន​ 50 គីឡូម៉ែត្រ​/ម៉ោង​

(ប្រទេស​ចិន) – ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ភាគ​ពាយព្យ បង្កើតបាន​យាន​ដែលមាន​រូបរាង​ដូច​ថាសហោះ អាច​ហើរ​បាន 15 នាទី និង​មាន​​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង។

យាន​ហោះ​ឡើង ចុះចត​ដោយ​បញ្ឈរ​ត្រង់ និង​ប្រើប្រាស់​អគ្គិសនី (eVTOL) អាចជា​បដិវត្តន៍​ក្នុង​វិស័យ​គមនាគមន៍​ស្ថិរភាព និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល​របស់​ពិភពលោក​។ គម្រោង eVTOL រាង​ដូច​ថាសហោះ (UFO) គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍ​រយៈពេល​បី​ឆ្នាំ​របស់​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ពាយព្យ (Northwestern Polytechnical University) នៅ​ប្រទេស​ចិន​។

យាន eVTOL គំរូ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ សម្រេចបាន​ជើងហោះហើរ​សាកល្បង​ដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​មួយ​នៅ​ខេត្ត Shenzhen ភាគ​អាគ្នេយ៍​ប្រទេស​ចិន។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 07 មិថុនា របស់​ទំព័រ Interesting Engineering។

យាន​ដូច​ទៅនឹង UFO ដែល​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថាសហោះ Shenzhen UFO Power Technology អាច​ហោះហើរ​បាន 15 នាទី ឡើង​ដល់​​កម្ពស់ 200 ម៉ែត្រ និង​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង ព្រមទាំង​បំពាក់​មុខងារ​ហោះហើរ​ស្វ័យប្រវត្ត​ផងដែរ។

Advertisement