បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​ពាណិជ្ជកម្ម​ល្បឿន​លឿន​ជាងគេ​លើ​លោក

ប្រព័ន្ធ​បណ្ដែត​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ជួយ​ឱ្យ​រថភ្លើង​​អណ្ដែត​​សៀង​ហៃ (Shanghai Maglev train or Shanghai Transrapid) បំបាត់ចោល​ភាព​កកិត និង​មាន​ល្បឿន​ឡើងដល់ 480 គីឡូម៉ែត្រ/ម៉ោង លឿន​ជាងគេ​បង្អស់​ក្នុងចំណោម​រថភ្លើង​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។

ដោយមាន​ល្បឿន​ធម្មតា​ប្រហែល 435 គីឡូម៉ែត្រ/ម៉ោង រថភ្លើង​អណ្ដែង​ប្រើ​កម្លាំង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​សៀង​ហៃ ធ្វើដំណើរ​លើផ្លូវ​ដែក​ប្រវែង 30 គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ទីក្រុង​សៀង​ហៃ​ជាមួយនឹង​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ដោយ​ចំណាយពេល​តែ 7 នាទី និង 30 វិនាទី​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​មិនទាន់​ចាប់ផ្ដើម​ពិនិត្យ​ទៅលើ​ល្បឿន​អតិបរមា​​ដែល​រថភ្លើង​នេះ​អាច​រត់​បាន​នៅឡើយ ព្រោះថា រថភ្លើង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​គំរូ​មួយ​របស់​ជប៉ុន អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។

កត្តា​ដែល​ធ្វើឱ្យ​ទាំងពីរ​ខាងលើ​មាន​ភាពខុសគ្នា ធៀប​នឹង​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រពៃណីបច្ចុប្បន្ន​ គឺ​មេដែក។ រថភ្លើង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ហៅថា Maglev ប្រើប្រាស់​មេដែក​ដើម្បី​បណ្ដែត រុញ និង​នាំ​រថភ្លើង​ឱ្យធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវដែក។

ផ្លូវដែក​បែប​ប្រពៃណី​តែងតែ​មានការ​កកិត ប៉ុន្តែ​បណ្ដាញ​ផ្លូវដែក និង​រថភ្លើង​ប្រើ​កម្លាំង​មេដែក (Maglev Train​) ​​វិញ បាន​លុបបំបាត់​បញ្ហា​កកិត​នេះ តាមរយៈ​ការ​បណ្ដែត​រថភ្លើង​ឱ្យមាន​គម្លាត និង​នៅ​ពីលើ​ផ្លូវដែក។ ដោយសារតែ​មិនមាន​កម្លាំង​កកិត កម្លាំង​ទប់​របស់​បរិយាកាស​ជុំវិញ​គឺជា​ឧបសគ្គ​តែមួយគត់​ដែល​ធ្វើឱ្យ​រថភ្លើង Maglev រត់​យឺត។

មេដែក​ដែល​ប្រើប្រាស់​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​អណ្ដែត​នេះ​មិនមែនជា​ប្រភេទ​ដែល​យើង​អា​ចរក​ទិញ​បាន​នៅ​គ្រប់​ទីផ្សារ​នោះទេ។ ប៉ុន្តែ វា​គឺជា​មេដែក​អគ្គិសនី​កម្លាំង​ខ្លាំង ជួយ​ឱ្យ​រថភ្លើង​បរ​ក្នុង​ល្បឿន​លឿន​ខ្លាំង។

បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​អណ្ដែត​​សៀង​ហៃ (Shanghai Maglev train)

រថភ្លើង​ប្រភេទ​ខាងលើ​របស់​ជប៉ុន និង​ចិន ប្រើប្រាស់​ប្រព័ន្ធ​ព្យួរ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច EMS (Electromagnetic suspension)។ ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា EMS រថភ្លើង​ត្រូវបាន​មេដែក​អគ្គិសនី​រុញ​ឡើង​ផុតពី​ផ្លូវដែក​ម៉ាញ៉េ​ទិច ធ្វើឱ្យ​វា​អណ្ដែត​ក្នុង​បរិយាកាស ប្រៀប​ដូច​កំពុង​ហោះ​។

រថភ្លើង​នេះ​អណ្ដែត​ពីលើ​ផ្លូវដែក​ប្រហែល 10 មិល្លីម៉ែត្រ គ្រប់គ្រាន់​អាច​លុបបំបាត់​​ភាព​កកិត។ មេដែក​អគ្គិសនី​លើ​រថភ្លើង​នេះ​បង្កើត​អគ្គិសនី​ប្រភេទ​ចរន្តឆ្លាស់ (AC) ហើយ​កម្លាំង​ទាញ និង​រុញ​កើតឡើង​ដំណាលគ្នា រុញ​រថភ្លើង​ឆ្ពោះទៅមុខ។ បច្ចេកវិទ្យា​នេះ​ជួយ​ឱ្យ​រថភ្លើង​អណ្ដែត​សៀង​ហៃ​របស់​ចិន ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 480 គីឡូម៉ែត្រ/ម៉ោង និង​បង្កើតបាន​កំណត់ត្រា​ស្ដីពី​រថភ្លើង​ពាណិជ្ជកម្ម​​ដែល​មាន​ល្បឿន​លឿន​បំផុត​លើ​ពិភពលោក។

ក៏ប៉ុន្តែ ផ្លូវដែក​​សម្រាប់​រថភ្លើងអណ្ដែត​សៀងហៃ​​របស់​ចិន​ខាងលើ​ មាន​តម្លៃ​រហូត​ដល់​ 1.3 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​ចំណាយពេល​បី​ឆ្នាំ​ក្នុងការ​ស្ថាបនា៕

Advertisement