ស្បែក​រ៉ូបូត​អាច​ «ជាសះស្បើយ» ​ដោយ​​ស្វ័យប្រវត្ត​ក្នុង​រង្វង់ 24 ម៉ោង

រូប​ភាព​បង្ហាញ​ពី​ស្បែក​សិប្បនិម្មិត

(សហរដ្ឋ​អាម៉េរិក) – ស្បែក​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​រ៉ូ​បូត​ដែល​អភិវឌ្ឍ​ដោយ​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Stanford អាច «ជាសះស្បើយ» ដោយ​ឯកឯង​ក្នុង​រង្វង់ 24 ម៉ោង នៅពេល​កម្ដៅ​ក្នុង​សីតុណ្ហភាព 70 អង្សា​សេ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Stanford ​អភិវឌ្ឍ​ស្បែក​អេ​ឡិច​ត្រូ​និ​ចមួយ​ប្រភេទ​ដែលមាន​ច្រើន​ស្រទាប់ អាច​ដឹង និង​កែតម្រូវ​ឡើងវិញ​បន្ទាប់ពី​បាន​រងរបួស អនុញ្ញាតឱ្យ​ស្បែក​ធ្វើ​សកម្មភាព​បន្ត​ក្នុងពេល​ព្យាបាល​ និង​ជាសះ​ស្បើយ​ដោយ​ស្វ័យប្រវត្ត។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 04 មិថុនា។ ស្បែក​នេះ​ត្រូវបាន​យកតម្រាប់​តាម​ស្បែក​ពិត​របស់​មនុស្ស។

វត្ថុ​ធាតុ​ថ្មី​នេះ​អាច​ទទួល​ដឹង​អំពី​ការប្រែប្រួល​សីតុណ្ហភាព សាច់ដុំ ឬ​អគ្គិសនី​នៅ​ជុំវិញ និង​ដឹង​អំពី​សម្ពោធ​ផងដែរ។ «ស្បែក​អេ​ឡិច​ត្រូ​និ​ចនេះ​មាន​សភាព​ទន់ និង​តឹង​ណែន មិន​យារ។ ប៉ុន្តែ បើសិន​អ្នក​ចាក់​ទម្លុះ កាត់ ឬ​អារ​វា នោះ​ស្រទាប់នីមួយៗរបស់​វា​នឹង​ជាសះស្បើយ​ដោយ​ឯកឯង​ប្រកបដោយ​ការជ្រើសរើស​កម្រិត​ខ្ពស់​នៅ​ក្នុង​ការ​​ជួសជុល​មុខងារ​ទាំងមូល​របស់​វា​។ ប្រការនេះ​ដូច​ទៅនឹង​ស្បែកពិត» Sam Root សហការី​ក្នុង​គម្រោង​ស្រាវជ្រាវ​នេះ អះអាង​ដូច្នេះ។

ស្បែក​សិប្បនិម្មិត​នេះ​អាចជា​សះស្បើយ​ក្នុង​រង្វង់ 24 ម៉ោង នៅពេល​ត្រូវ​បាន​​កម្ដៅ​​ដល់ 70 អង្សា​សេ ឬ​ក្នុង​រង្វង់​មួយ​សប្ដាហ៍​នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់​ធម្មតា។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​ជឿថា ស្បែក​សិប្បនិម្មិត​នេះ​នឹងមាន​សភាព​ដូច​ស្បែក​របស់​មនុស្សពិតៗនៅពេល​ពួកគេ​បន្ត​​ការ​អភិវឌ្ឍ៕

Advertisement