តាក់ស៊ី​ហោះ​អគ្គិសនី​ល្បឿន 300 គី​ឡ​ម៉ែត្រ/ម៉ោងរបស់​ហូឡង់ នឹង​កែ​ប្រែ​វិស័យ​អាកាសចរណ៍​

តាក់ស៊ីហោះអគ្គិសន Electron 5 របស់ក្រុមហ៊ុនហូឡង់ Electron Aviation

(ហូ​ឡង់) – តាក់ស៊ី​ហោះ Electron 5 ដែល​អាច​ដឹក​អ្នកដំណើរ​បាន 5 នាក់ ដំណើរ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី និង​ហោះហើរ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ។

បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​បច្ចុប្បន្ន តែងតែ​ជា​អ្នកកំណត់​កាលវិភាគ​នៃ​ជើងហោះហើរ និង​គោលដៅ​ដែល​ត្រូវ​ចុះចត។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​ហូ​ឡង់ Electron Aviation បំបែក​ការកំណត់​នេះ នៅពេល​ផ្ដល់​បណ្ដាញ​ជើងហោះហើរ​មួយ​ដែល​អនុញ្ញាតឱ្យ​អ្នកដំណើរ​ជ្រើស​រើស​ពេលវេលា និង​ទីតាំង​ហោះហើរ​ដោយ​សេរី។ Electron Aviation ក៏​សហការ​ជាមួយ​ព្រលានយន្តហោះ Twente ដើម្បី​ផ្ដល់​ការហោះហើរ​ដែល​មិន​បំ​ភាយ​ឧស្ម័ន​កាបូន ដោយ​ប្រើប្រាស់​ Electron 5 ដែលជា​យន្តហោះ​តាក់ស៊ី​ដំណើរការ​ដោយ​អគ្គិសនី​ទាំង​ស្រុង​ នៅ​ឆ្នាំ 2027។

Electron 5 អាច​ដឹក​អ្នកដំណើរ​បាន 5 នាក់។ ភាគី​ក្រុមហ៊ុន​បាន​អះអាងថា យន្តហោះ​អគ្គិសនី​នេះ​នឹង​នាំមក​នូវ​ផាសុកភាព និង​បទពិសោធន៍​ល្អ​ដល់​អតិថិជន។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​ថ្ងៃទី 30 ឧសភា 2023។

យន្តហោះ​អគ្គិសនី​នេះ​មាន​បង្អួច​ដែល​អាច​មើលឃើញ​គ្រប់​ទិស ជួយ​ឱ្យ​អ្នកដំណើរ​គយគន់​ទេសភាព​ខាងក្រៅ​បាន​ដោយ​ងាយ។ Electron 5 ក៏​បំពាក់​ម៉ូ​ទ័​រ​បម្រុង​នៅ​ខាងក្រោយ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុងពេល​ហោះហើរ​។ កៅអី​ក្នុង​យន្តហោះ​នេះ​អាច​​បត់បែន​បាន​ល្អ​ ជួយ​ឱ្យ​ឱ្យ​អ្នកដំណើរ​រៀបចំ​កន្លែង​អង្គុយ​បាន​តាមចិត្ត។

យន្តហោះ​អគ្គិសនី Electron 5 គ្រោង​នឹង​ហោះហើរ​លើ​កម្ពស់ 3,000 ម៉ែត្រ ហើយ​អាច​ហោះ​ក្នុង​ល្បឿន 300 គីឡូម៉ែត្រ/ម៉ោង និង​ហោះ​បាន​ចម្ងាយ 750 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។ ដោយសារតែ​ជា​សេវាកម្ម​តាម​សំណើ ដូច្នេះ​​តាក់ស៊ី​ហោះ​នេះ​ នឹង​ហោះហើរ​​តែ​នៅពេល​អតិថិជន​បាន​​កក់​សំបុត្រ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ក្រុមហ៊ុន។ ពី​ព្រលានយន្តហោះ Twente យន្តហោះ​អគ្គិសនី​ Electron 5 ​នេះ​ អាច​ទៅដល់​ទីក្រុង​​បែរ​ឡាំងរបស់​អាល្លឺម៉ង់, ក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​ ឬ​ប៉ារីស​របស់​បារាំង​ ដោយ​ប្រើពេល​មិន​ដល់​ពីរ​ម៉ោង៕

Advertisement