Toyota បង្ហាញ​រថយន្ត​​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន Mirai Sport គំរូ​ដំបូង

ក្រុម​ហ៊ុន​ជប៉ុន Toyota ថ្មី​ៗ​នេះ​បាន​បង្ហាញ​រថយន្ត​បែប​កីឡា​​គំរូ​ដែល​យក​លំនាំ​តាមរថយន្ត​​ Mirai នៅ​ក្នុង​​ការ​ប្រកួត​ Fuji 24 Hours នៅ​ប្រទេស​ជប៉ុន ហើយ​នេះ​គឺជា​កំណែ​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន​។

ក្រុម​ហ៊ុន​នេះ​ពុំ​បាន​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​​​ស្ដី​ពី​រថយន្ត​ Mirai Sport ដូច្នេះ អ្វី​ដែល​យើង​អាច​ដឹង​ នោះគឺ​រូប​រាង​របស់​រថយន្ត​នេះ​​តាម​រយៈ​វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ និង​និយាយ​​​ជា​ភាសា​ជប៉ុន​។

រថយន្ត​គំរូ​ Mirai Sport នេះ ​គឺ​យោង​ទៅតាម​រូប​រាង​របស់រថយន្ត Toyota Mirai ជំនាន់​ទី​ពីរ​ ដោយ​មាន​ការ​កែ​ប្រែ​ខ្លះ​ត្រង់​រូប​រាង​ខាង​ក្រៅ​ ពោល​គឺ​ថា Toyota Mirai Sport ​​មាន​លក្ខណៈ​កីឡា​ជាង​ Toyota Mirai​។

Toyota Mirai Sport ​មាន​ប្រព័ន្ធ​ជំរុញ​ថាមពល​​​ពី​​ថ្ម​ផ្ទុក​អ៊ីដ្រូសែន​ដែល​​មាន​កម្លាំង​ 182 សេះ​ (136 គីឡូវ៉ាត់)​ និង​កម្លាំង​រមួលកង់ 300 Nm ហើយ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 647 គីឡូម៉ែត្រ ដោយ​មិន​បាច់​ចាក់ឥន្ធនៈ​។

រថយន្ត​​ Mirai Sport គំរូ​ដំបូងដំណើរ​ការ​ដោយ​អ៊ីដ្រូសែន

អ៊ីដ្រូសែន​ដែល​​​ត្រូវ​បាន​ផលិតពី​ទឹក និង​ថាមពល​ព្រះ​អាទិត្យ​ គេ​ហៅ​ថា អ៊ីដ្រូសែន​បាន​ពី​ព្រះ​អាទិត្យ​ (solar hydrogen)​។ ដើម្បី​បាន​អ៊ីដ្រូសែន​ប្រភេទ​នេះ គេត្រូវ​ប្រើ​រូប​មន្ត​មួយចំនួន​ ក្នុងនោះ​​ក៏​មាន​ ការធ្វើអគ្គិសនីវិភាគទឹក (Electrolysis of water) ដែល​​ប្រើ​ប្រាស់​អគ្គិសនី​ក្នុង​ថ្ម​ ឬ​អគុយ​ដែល​បាន​ពី​ផ្ទាំង​សូឡា​ផងដែរ​។

Advertisement