ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី មាន​រាង​ដូច​ដើមឈើ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ

ស្ថានីយ​បញ្ចូល​ថាមពល​រថយន្តអគ្គិសនី​របស់​ក្រុម​ហ៊ុន SolarBotanic Trees

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​អង់គ្លេស SolarBotanic Trees អភិវឌ្ឍ​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី ដែល​អាច​ប្រមូល​កម្ដៅ​ពី​ព្រះអាទិត្យ​តាមរយៈ​ដំបូល ឬ​ស្លឹក​ដែលមាន​ផ្ទាំង​សូ​ឡា និង​រក្សា​អគ្គិសនី​នៅក្នុង​បង្គោល ឬ​ដើម​របស់​វា។

SolarBotanic Trees ទើបតែ​ផលិត​បាន​ដើមឈើ​លោហធាតុ​គំរូ​ដំបូង​សម្រាប់​ការសាកល្បង​ដែលមាន​ទំហំ​ស្មើនឹង ½ នៃ​ទំហំ​របស់​កំណែ​ផ្លូវការ និង​កំពុង​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ ធ្វើតេស្ត​កំណែ​ពេញលេញ​នៅមុន​ពេល​ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ចុងឆ្នាំ​នេះ។ យោងតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 29 ឧសភា CEO Chris Shelley ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានទទួល​ការ​កក់​ផលិតផល​ដំបូង​ចំនួន 200 ដើម ពី Raw Charging Group។

ដោយមាន​កម្ពស់ 4.5 ម៉ែត្រ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ។ Shelley ឱ្យដឹងថា ដំបូល ឬ​ស្លឹក​របស់​ដើមឈើ​លោហធាតុ​នេះ​ក៏​ផ្ដល់​ម្លប់​ត្រជាក់ និង​មាន​ស្រស់ស្អាត។

ដើមឈើ​សិប្បនិម្មិត​នេះ​មាន​កម្លាំង​ផលិត​អគ្គិសនី 5 គីឡូវ៉ាត់ អាច​បញ្ចូល​ថាមពល​ពី 20% ឡើងដល់ 80% ក្នុង​រយៈពេល​ជិត 7 ម៉ោង សម្រាប់​រថយន្ត​អគ្គិសនី​ដែលមាន​ថ្ម 50 គីឡូវ៉ាត់។ ផលិតផល​របស់ SolarBotanic Trees មានតម្លៃ​ប្រហែល​ពី 22,000 ទៅ 30,000 ដុល្លារ​អាម៉េរិក/ឈុត។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​ក៏មាន​គម្រោង​ផលិត​កំណែ​ដែល​តូច​ជាង​នេះ និង​មានតម្លៃ​ទាប​ជាង​នេះ​ផងដែរ។

ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ

SolarBotanic Trees បញ្ជាក់ថា ចាប់ពី​ឆ្នាំ 2025 ពួកគេ​អាច​ផលិត​ដើមឈើ​ថាមពល​នេះ​បាន​យ៉ាងតិច 1,000 ដើម​ជា​រៀងរាល់ឆ្នាំ ហើយ​ដំឡើង​នៅ​អង់គ្លេស មុននឹង​ពង្រីក​ទៅកាន់​ទីផ្សារ​នានា​របស់​ទ្វីបអឺរ៉ុប និង​អាម៉េរិក​ខាងជើង៕

Advertisement