Tesla បើក Showroom លំដាប់​ប្រណិត​នៅ​រាជធានី​របស់​ប្រទេស​ថៃ

Showroom របស់ Tesla នៅ Queensland ប្រទេស​អូស្ត្រាលី

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla នឹង​បើក​សាល​តាំង​បង្ហាញ (showroom) លំដាប់​ប្រណិត​នៅ​ប្រទេស​ថៃ នៅក្រោយ​ខែមិថុនា ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ភាគ​ខាងកើត​រាជធានី​បាងកក​ ដើម្បី​ជំរុញ​ការលក់​រថយន្ត​អគ្គិសនី​ដែល​កំពុង​កើនឡើង​យ៉ាង​រហ័ស​នៅ​ប្រទេស​ថៃ និង​ដើម្បី​តាម​ទាន់​គូប្រកួត​ចិន ក្នុងនោះ​មាន BYD ជាដើម។

យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក​មួយ​នេះ​កំពុងតែ​ជួសជុល និង​កែលំអ​ទីតាំង​ដែល​ធ្លាប់ជា​សាល​តាំង​បង្ហាញ​របស់ Toyota។ នៅ​ប្រទេស​ថៃ ក្រៅពី​សាល​តាំង​បង្ហាញ​នេះ Tesla ក៏​នឹងមាន​មជ្ឈមណ្ឌល​សេវាកម្ម ឃ្លាំង​គ្រឿងបន្លាស់ និង​ស្ថានីយ​បញ្ចូល​ថាមពល​រហ័ស​ផងដែរ។

ទាក់ទង​នឹង​ដំណឹង​ខាងលើ តំណាង​មួយរូប​របស់ Tesla បានឱ្យដឹងថា ព័ត៌មាន​លម្អិត​នឹងត្រូវ​បានប្រកាសឆាប់ៗខាងមុខ។

Tesla បានចាប់ផ្ដើម​លក់​អន​ឡាញ​នូវ​រថយន្ត​បែប​កីឡា​ពហុ​មុខងារ​ប្រភេទ​មធ្យម Model Y និងរថយន្ត​ Model 3 នៅ​ប្រទេស​ថៃ តាំងពី​ខែធ្នូ​ឆ្នាំមុន ក្នុងតម្លៃ​ចាប់ពី​ប្រហែល 1.96 លាន​បាត (56,500 ដុល្លារ​អាម៉េរិក) និង 1.76 លាន​បាត (50,700 ដុល្លារ​អាម៉េរិក)។ តួលេខ​នេះ​ខ្ពស់ជាង​បើ​ធៀប​នឹង​តម្លៃ 1 លាន​បាត់​របស់​បណ្ដា​រថយន្ត​ចិន​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នេះ។

យោងតាម​របាយការណ៍​របស់ទំព័រ​ Autolife នៅ​ប្រទេស​ថៃ ចំនួន​រថយន្ត Model Y ក្នុង​ខែមីនា​បាន​កើនឡើង​ជិត​ទ្វេដង​ធៀប​នឹង​ខែកុម្ភៈ ដោយ​លក់បាន 1,034 គ្រឿង ជួយ​ឱ្យ​ម៉ូ​ដែល​រថយន្ត​នេះ​កាន់កាប់​ 17% នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ។ Model Y ក្លាយជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​លំដាប់​ទី​ពីរ​នៅ​ប្រទេស​ថៃ បន្ទាប់ពី Atto 3 របស់ BYD និង​នៅ​ពីលើ SAIC Motor និង Great Wall Motor។

Showroom របស់ Tesla ​នៅ​រាជធានី​របស់​ប្រទេស​ថៃ
Showroom របស់ Tesla ​នៅ​រាជធានី​របស់​ប្រទេស​ថៃ
រថយន្តអគ្គិសនី​ Tesla
Advertisement