កង់​កូនកាត់​រថយន្ត​អគ្គិសនី អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង

(អង់គ្លេស) – Iris eTrike គឺជា​យានជំនិះ​ផ្ទាល់ខ្លួន​ដែលមាន​រូបរាង​ដូច​កង់​បន្តិច ដូច​រថយន្ត​បន្តិច អាច​ផ្ទុក​អីវ៉ាន់​បាន 100 គីឡូក្រាម និង​អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

កង់​កូនកាត់រ​ថយ​នុ្ត​គំរូ Iris eTrike របស់​អ្នក​រចនា និង​ជា​អ្នកជំនួញ​ផ្នែក​បច្ចេកវិទ្យា ជនជាតិ​អង់គ្លេស Grant Sinclair មាន​កម្លាំង​ជាង ធៀប​នឹង​កង់​ធម្មតា ធ្វើឱ្យ​វា​មាន​ល្បឿន​លឿន​ជាង។ យាន​នេះ​ផ្ដល់​ផាសុកភាព និង​ការពារ​អ្នកបើកបរ​ពី​អាកាសធាតុ​អាក្រក់។ នេះ​បើតាម Yahoo ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា 2023។

កំណែ​សម្រាប់​ការ​​ផលិត​របស់ Iris eTrike ប្រើ​ប្រាស់​​គ្រោងឆ្អឹង​ធ្វើ​ពី​ដែកថែប chromoly, ដងខ្លួន​ធ្វើ​​ពី​ជ័រកៅស៊ូ​ទន់ polypropylene ដែល​​គ្របដណ្ដប់​ដោយ​សម្បក polymer, ដំបូល​ធ្វើ​ពី​ជ័រ​ទន់​ថ្លា​មាន​ស្រទាប់​ការពារ​បញ្ហា​ជ្រាប​​ទឹក, ​ប្រព័ន្ធ​ជំរុញ​កម្លាំង 9 លេខ និង​កៅអី​ខ្ពស់។

Iris eTrike ក៏មាន​ប្រព័ន្ធ​ភ្លើង LED គ្រប់គ្រាន់, ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់, កាមេរ៉ា​មើល​ក្រោយ និង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ ​នាំ​ខ្យល់​ដែល​បាន​បន្សុទ្ធ​ចូលមក​កាន់​កាប៊ីន។

កម្លាំង​ឈ្នាន់​សម្រាប់​ធាក់​របស់​អ្នកបើកបរ​ត្រូវបាន​ផ្ដល់​​ដោយ​ម៉ូ​ទ័​រ​កម្លាំង 250, 500 ឬ 750 វ៉ា​ត់ អាចជួយ​ឱ្យ​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង។ Iris eTrike ប្រើប្រាស់​ថ្ម lithium-ion 48 វ៉ាត់ 20 អំពែរ​ម៉ោង អាច​ធ្វើ​ដំណើរ​បាន​​​ជាង 48 គីឡូម៉ែត្រ។

ថ្វីបើ​មាន​រូបរាង​តូច តែ Iris eTrike មាន​កន្លែង​ដាក់​អីវ៉ាន់​​ដែល​មាន​ចំណុះ​ 100 លីត្រ។ អេក្រង់ LED នៅខាងមុខ​អ្នកបើកបរបង្ហាញ​ទិន្នន័យ​ស្ដីពី​ល្បឿន គ​ម្លា​ត់នៃ​ការបើកបរ និង​ថាមពល​ថ្ម។ល។

Iris eTrike មាន​បណ្ដោយ 260 សង់ទីម៉ែត្រ, ទទឹង 94 សង់ទីម៉ែត្រ, ​កម្ពស់ 128 សង់ទីម៉ែត្រ, ទម្ងន់ 50 គីឡូក្រាម និង​មាន​ពណ៌​ខ្មៅ ឬ​ប្រាក់។ ក្រុមហ៊ុននៅ Cardiff ប្រទេស​អង់គ្លេស​របស់ Grant Sinclair កំពុង​ទទួល​ការ​កក់​សម្រាប់ Iris eTrike ហើយ​គ្រោង​នឹង​ប្រគល់ជូន​អតិថិជន​នៅក្នុង​ត្រីមាស​ទីមួយ​ឆ្នាំក្រោយ៕

Advertisement