ទិដ្ឋភាព​ខាងក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន និង​មាន​ឈ្មោះថា C919 ត្រូវបាន​អ្នកដំណើរ​វាយតម្លៃថា «ធំ​ទូលាយ​ល្មម» ខណៈដែល​ពី​ឡុ​ត​វាយតម្លៃថា​ជា​យន្តហោះ «ល្អ​បំផុត»។

នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hongqiao កាលពី​ថ្ងៃទី 28 ឧសភា 2023 ជើងហោះហើរ​លេខ MU9191 របស់ China Eastern Airlines បាន​ដឹក​អ្នកដំណើរ 130 នាក់ ហោះ​ឆ្ពោះទៅកាន់​រដ្ឋធានី​ប៉េកាំង។

«ខ្ញុំ​ធ្វើដំណើរ​តាម​យន្តហោះ​ជា​ញឹកញាប់។ ខ្ញុំ​យល់ថា កៅអី​ធំ​ទូលាយ​ល្មម ធ្វើឱ្យមាន​អារម្មណ៍​ស្រួលខ្លួន» អ្នកស្រី Yu ដែលជា​អ្នកដំណើរ​មួយរូប យល់ឃើញ​ដូច្នេះ។

យន្តហោះ C919 ក៏បាន​ចុះចត​លើ​ព្រលានយន្តហោះ​ប៉េកាំង និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ការបាញ់ទឹក ក្រោយ​ពី​ធ្វើ​ដំណើរ​រយៈ​ពេល​ពីរ​ម៉ោង​ពី​​​ព្រលាន​យន្តហោះ​ Hongqiao នៅ​សៀងហៃ​។

Zhao Hongbing ដែលជា​ប្រធាន​ក្រុម​ហោះហើរ និយាយថា «យើង​បានធ្វើ​ការហោះហើរ​សាកល្បង​ជាង 100 ជើង ដោយ​ហោះ​ឡើង និង​ចុះចត​រាប់សិប​លើក។ និយាយ​រួម ខ្ញុំ​គិតថា យន្តហោះ​នេះ​ល្អ​ណាស់»។

C919 ត្រូវបាន​អ្នកដំណើរ​វាយតម្លៃថា «ធំ​ទូលាយ​ល្មម» ខណៈដែល​ពី​ឡុ​ត​វាយតម្លៃថា​ជា​យន្តហោះ «ល្អ​បំផុត»

ពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់ថា យន្តហោះ C919 សម្រេចបាន​ស្ដង់ដា​នៅ​ទីក្រុង​ប៉េកាំង ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 29 កញ្ញា ឆ្នាំ 2019។ វិញ្ញាបនបត្រ​នេះ​ត្រូវបាន​ប្រគល់​ដោយ​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​ចិន។

យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន ​មាន​ឈ្មោះថា C919

«យើង​មាន​ម្ចាស់ការ​ទាំងស្រុង​លើ​ដំណើរការ​នៃ​ការ​រចនា ផលិត ធ្វើតេស្ត ត្រួតពិនិត្យ និង​ទទួលស្គាល់ ដែល​នេះ​គឺជា​សញ្ញា​មួយ​​បង្ហាញថា ប្រទេស​ចិន​ឈានចូល​ក្នុង​ក្រុម​ប្រទេស​ផលិត​លំដាប់​ខ្ពស់» លោក Zhang Yanzhong ទីប្រឹក្សា​កម្មវិធី C919 នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន អះអាង​​ដូច្នេះ៕

Advertisement