ប្រធាន​របស់បញ្ញា​សិប្បនិម្មិត​ ChatGPT ថា «មនុស្ស​នឹង​ចាញ់​ AI ស្ទើរ​គ្រប់​វិស័យ​ក្នុង​ដប់​ឆ្នាំ​ទៀត»

អគ្គនាយក​ប្រតិបត្តិ​ Sam Altman និង​ប្រធាន​ Greg Brockman របស់ក្រុម​ហ៊ុន​​ OpenAI វាយ​តម្លៃ​ថា បញ្ញា​សិប្បនិម្មិត (AI) អាច​ឡើង​ដល់​កម្រិត​ជា​អ្នក​ជំនាញ​នៅ​ «ស្ទើរ​គ្រប់​វិស័យ» ​រយៈ​ពេលដប់​ឆ្នាំ​ខាងមុខ​។

«ជាមួយ​នឹង​ទិដ្ឋភាព​ដូច​យើង​បាន​ឃើញ​បច្ចុប្បន្ន អាច​ស្រមៃ​ឃើញ​ថា ក្នុង​រង្វង់​ដប់​ឆ្នាំ​ខាងមុខ ប្រព័ន្ធ​ AI នឹង​យក​ឈ្នះ​លើ​ចំណេះ​ជំនាញ​​របស់​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ស្ទើរ​តែ​ទាំង​អស់​ និង​អនុវត្ត​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដូច​ទៅ​នឹង​ក្រុម​ហ៊ុន​ធំ​បំផុត​មួយ​នា​បច្ចុប្បន្ន» ក្រុម​មេដឹក​នាំ​របស់ OpenAI ដែល​រួម​មាន Sam Altman, Greg Brockman និង​ប្រធាន​ផ្នែក​វិទ្យា​សាស្ត្រ​ Ilya Sutskever ចាប់​ផ្ដើម​អត្ថបទ​រួម​ដូច្នេះ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន​។

OpenAI សង្កត់​ធ្ងន់​ថា រូបមន្តកំពូល​​ AI អាច​បង្កហានិភ័យ​ដល់​មនុស្ស​ជាតិ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។ ដូច្នេះ ​ត្រូវ​ការ​​បន្ថយ​ហានិភ័យ​ពី AI ប៉ុន្តែ​មិន​ត្រូវ​កាត់​បន្ថយសមត្ថភាព​​ តែ​ត្រូវ​មាន​ការ​សហការ​ និងការ​​ប្រព្រឹត្ត​ជា​ពិសេស​​ចំពោះ​ AI​។

អត្ថបទ​បាន​លើក​ឡើង​ថា «កំពូលបញ្ញា​សិប្បនិម្មិត​នឹង​ខ្លាំង​ជាង​បច្ចេក​វិទ្យា​ផ្សេង​ៗ​ដែល​មនុស្ស​លោក​ធ្លាប់​បាន​ប្រឈម។ ចុង​ក្រោយ យើង​នឹង​ត្រូវ​ការ​អង្គការ​មួយ​ដើម្បី​គ្រប់​គ្រង​កំពូល​ AI ដូច​ទៅ​នឹង​ទីភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរ​ជាតិ​នៅ​ក្នុង​វិស័យ​ថាមពល​បរមាណូ។ ទោះ​ជា​ការ​ប្រឹង​ប្រែង​ក្នុងការ​អភិវឌ្ឍ​ AI ណា​ក៏ដោយ ​ក៏​ត្រូវ​ការ​គោរព​តាម​អង្គការ​អន្តរជាតិ​ដែល​មាន​សមត្ថ​កិច្ច​»។

Sam Altman ធ្លាប់​បាន​ព្រមាន​ច្រើន​ដង​ទាក់​ទង​នឹង​បញ្ញា​សិប្បនិម្មិត​។ បច្ចេក​វិទ្យា​នេះ​គឺជា​ការ​រីក​ចម្រើន​មួយ​ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​គ្រោះ​ភ័យ​ បើ​សិន​ធ្លាក់​ទៅ​លើ​ដៃ​ជន​ទុច្ចរិត​ ឬ​ «អាច​ដើរ​ខុស​ផ្លូវ​ ដែល​បង្កើត​​ឱ្យ​មាន​កំហុស​ និង​បង្កគ្រោះ​ថ្នាក់​​ធំ​ដល់​ពិភព​លោក បើ​មិន​បាន​កែ​តម្រូវ​ឱ្យ​បាន​សម​ស្រប​»​។

លោក Sam Altman

នៅ​ក្នុង​សវនាការ​នៅ​សភា​អាម៉េរិកកាល​ពី​ថ្ងៃទី 16 ឧសភា 2023 លោក Sam Altman បាន​និយាយ​​ថា ចង់​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​បញ្ហា​អាក្រក់​ដែល​អាច​កើត​ឡើង​ដោយ​សារ​ AI ក្នុង​នោះ​ក៏​អាច​បង្កើត​ស្ថាប័ន​មួយ​ដើម្បី​គ្រប់គ្រង​បច្ចេក​វិទ្យា​នេះ​។

​លោក Sam Altman មិន​មែន​ជា​​បុគ្គល​សំខាន់តែ​ម្នាក់​ដែល​បារម្ភ​អំពី​​ឥទ្ធិពល​របស់​បញ្ញា​សិប្បនិម្មិត​នោះ​ទេ ប៉ុន្តែ CEO របស់​ Google លោក Sundar Pichai, អតីត​អ្នក​ជំនាញ​ខាង​ AI របស់​ Google លោក Geoffrey Hinton ឬ​ លោក Elon Musk និង​លោក​ Bill Gates ក៏មាន​ការ​បារម្ភ​អំពី​បញ្ហា​នេះ​​ផង​ដែរ៕

Advertisement